បណ្ដេញជនជាតិវៀតណាមជាង២០នាក់ ចេញពីកម្ពុជា

ម្សិលមិញ ម៉ោង 11:40:AM

ខេត្តកំពត៖ ជនជាតិវៀតណាមប្រុស-ស្រីចំនួន២៤នាក់ បានចូលមកស្នាក់នៅ និង ធ្វើការដោយលួចលាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និង អនុវត្ដតាមច្បាប់អន្តោប្រវេសន៍ ហើយបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រែកចាក បានឱ្យដឹងថា ជនជាតិវៀតណាម ចំនួន២៤នាក់ដោយក្នុងនោះមានស្រីចំនួន១១នាក់ ត្រូវបានមន្ត្រីនាយកដ្ឋានស៊ើបអង្កេត និង នីតិវិធីប្រចាំខេត្តព្រះសីហនុ បានរកឃើញ ថា ពួកគេបានលួចស្នាក់នៅ និង ធ្វើការងារដោយខុសច្បាប់ ទើបឃាត់ខ្លួន ហើយបានបណ្ដេញពួកគេ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយពេលសមត្ថកិច្ចជំនាញរបស់កម្ពុជា បានបណ្ដេញជនជាតិវៀតណាមទាំងនោះឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេនោះ អាជ្ញាធរវៀតណាម ក៏មកទទួលយក នៅច្រកទ្វារព្រំដែន។

សូមជម្រាប ថា កាលពីថ្ងៃទី៦ មិថុនា សមត្ថកិច្ចជំនាញរបស់កម្ពុជា បានបណ្ដេញជនជាតិវៀតណាម ចំនួន៤៦នាក់ ដែលលួចស្នាក់នៅ និង ធ្វើការងារខុសច្បាប់ ចេញពីកម្ពុជា ម្ដងរួចមកហើយ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕

ពត័មានពេញនិយម