រដ្ឋធានីម៉ានីល៖ ទឹកជំនន់ហក់ឡើងដល់កម្ពស់ជាង៤ម៉ែត្រ បានជន់លិចផ្ទះសម្បែងរាប់ពាន់ខ្នង នៅភាគខាងជើង ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពេលរងព្យុះភ្លៀង ធ្លាក់មកយ៉ាងខ្លាំង និង ការរំដោះទឹកចេញពីទំនប់ទឹក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ។
ព្យុះទីហ្វុងម៉ាន់-យី (Man-yi) បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មុននេះ ហើយទឹកបានហូរបុកទៅកាន់ទន្លេកាហ្កាយាន់ (Cagayan) និង ដៃទន្លេ ទើបអាជ្ញាធរ បានបង្ខំចិត្តបើកទឹកចេញ ដើម្បីរំដោះទឹក ចេញពីទំនប់ម៉ាហ្កាត (Magat)។
ទឹកទន្លកាហ្កាយ៉ាន់ បានហូរបុកបាក់ច្រាំង ហើយបានហូរហៀរទៅលើដីស្រែចម្ការ និង សហគមន៍ ដែលលិចលង់រួចមកហើយ និង បានបង្កផលប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ រីឯអគារជាច្រើន បង្គោលភ្លើង និង ព្រៃឈើ ត្រូវបានទឹកហូរកាត់បឹង នៅក្នុងទីក្រុងទូហ្គូហ្ការ៉ាវ ( Tuguegarao) ខេត្តកាហ្កាយ៉ាន់ ខណៈក្រុមមន្រ្ដីគ្រប់គ្រងគ្រោះមហន្តរាយ បានអះអាង ថា ទឹកជន់ បានជន់លិច រហូតដល់ជាង៤ម៉ែត្រ នៅតាមកន្លែងមួយចំនួន នៅតំបន់ភាគខាងជើងរបស់ប្រទេសហ្វីលីពីន៕