ខេត្តដំបង៖ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» មានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ ទើបនឹងកន្លងផុតទៅនេះ និង បានឆក់យកបេះដូងរបស់ប្រជាពលរដ្ឋទាំងចាស់ក្មេងស្ទើរពេញមួយនគរ ដោយកីឡាករចំណុះទូកនេះ បានប្រកាន់នូវឥរិយាបថទន់ភ្លន់ និង ប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ខ្មែរ ទើបមានជនឱកាសនិយម បានលួចក្លែងបន្លំបង្កើតបង្កើតទំព័រហ្វេសប៊ុក ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» សម្រាប់រៃអង្គាលប្រាក់ ពីអ្នកគាំទ្រ និង ប្រើប្រាស់ពាក្យពេចរ៍មិនសមរម្យ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» បានសរសេរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកជនឆក់ឱកាសនិយម យកឈ្មោះ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅប្រើប្រាស់សម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូចនេះយើងសូមគោរពជម្រាបជូនបងប្អូន ដែលតាមដានផេក «នរិន្ទរង្សីពិជ័យចិត្របុត្រ» មេត្តាជ្រាបថា យើងបានរកឃើញ និង ទទួលបានដំណឹង អំពីគណនីមួយចំនួន បានយកឈ្មោះយើងទៅប្រើ និង ប្រើពាក្យពេចន៍មិនសមរម្យ ហើយស្វែងរកលុយកាក់តាមហ្វេសប៊ុក តាមរយៈ View ព្រមទាំងរៃអង្គាសប្រាក់ ក្រោមរូបភាពស្វែងរកការផ្ដល់ជំនួយដែលជាល្បិចកលឆបោក។
ផេកហ្វេសប៊ុកផ្លូវការរបស់ទូកង«នរិន្ទរង្សីពិជ័យចិត្របុត្រ» វត្តឯករង្សី មានតែមួយគត់ ហើយក៏ពុំមានគណនី Tik Tok ឬ គណនីផ្សេងៗទៀតនោះឡើយ។ រាល់ផេក ឬគណនីទាំងឡាយណា ដែលយកឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅប្រើ សូមកែប្រែឲ្យបានឆាប់។ ដូច្នេះសូមសាធារណៈជ្រាបជាដំណឹង ចៀសវាងនូវការចាញ់បោករបស់ជនខិលខូច។
ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ»របស់វត្ដឯកភ្នំ ស្ថិតក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមកចូលរួមការប្រកួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ រយៈពេល៣ថ្ងៃ ចន្លោះពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទូកង«នរិន្ទរង្សីពិជ័យចិត្របុត្រ» បានឆក់យកបេះដូងអ្នកទស្សនាស្ទើរពេញមួយនគរ ហើយបានទទួលពានរង្វាន់ផ្នែកសោភ័ណ និង ជាទូកមានល្បឿនលឿនចំណាត់ថ្នាក់លេខ៥ នៅទូទាំងប្រទេស នៅក្នុងព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០២៤នេះ៕