បុរស២នាក់នាំគ្នាលួចទ្រព្យសម្បត្ដិ ប្អូនឡើងយកលុយ បងចាំកាប់ម្ចាស់ផ្ទះ

8 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់បងប្អូនបង្កើត បានសហាការគ្នាឡើងលួចទ្រព្យសម្បត្ដិរបស់អ្នកភូមិជាមួយ ហើយបានប្រើឲ្យប្អូនឡើងលួចលុយ ខណៈបងកាន់ពូថៅ រង់ចាំកាប់ម្ចាស់ តែអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទាំង២នាក់ ដើម្បីនាំទៅចាត់ការតាមច្បាប់។

មន្រ្ដីនគរបាលស្រុកគងពិសី បានឲ្យដឹង ថា កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានអំពើចោរកម្មចំនួន១ករណី បានកើតឡើង នៅភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនសង័្សយ មានគ្នា២នាក់ ត្រូវជាបងប្អូនបង្កើត ដោយប្អូនជាអ្នកឡើងលួចលុយ និងទូរស័ព្ទដៃ នៅក្នុងផ្ទះរបស់ជនរងគ្រោះ ខណៈបងកាន់ពូថៅរង់ចាំកាប់ម្ចាស់ផ្ទះ។ ប៉ុន្ដែស្របពេលជនសង័្សយកំពុងតែធ្វើសកម្មភាពលួចលុយចំនួន២៨ម៉ឺនរៀល និង ទូរស័ព្ទដៃមួយគ្រឿងនោះ កូនស្រីរបស់ម្ចាស់ផ្ទះ បានឡើងទៅលើផ្ទះ ហើយឃើញជនសង័្សយ ក៏ស្រែក ថា ចោរៗ ធ្វើឲ្យជននេះភ័យស្លន់ស្លោ និង ឮដល់ជនរងគ្រោះរត់ទៅជួយកូនស្រីរបស់គាត់ រហូតឈានដល់ការប្រតាយប្រតប់គ្នា បណ្ដាលឲ្យគាត់រងរបួសជើងខាងឆ្វេង។

មន្ត្រីនគរបាលស្រុកគងពិសី បានបន្ដ ថា ស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោបែបនេះ បងប្រុសរបស់ជនសង័្សយ ដែលកាន់ពូថៅជាប់នឹងដៃ បានស្រែកប្រាប់ប្អូនរបស់ខ្លួន ថា ហ្អែងមិនបើកទ្វាររត់ចុះមក! ចាំអញយកពូថៅកាប់ម្ចាស់ផ្ទះ បើគាត់ដេញតាមឯង។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមហាឫស្សី បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង២បងប្អូនបង្កើត រួមមាន៖ ១-ឈ្មោះ ម៉ៅ ដេត អាយុ៣៣ឆ្នាំ និង ២-ឈ្មោះ ម៉ៅ ឌឿន អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ យ៉ែម ឌំ ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង២នាក់បងប្អូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់៕

ពត័មានពេញនិយម