រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនឹងដាក់ដំណើរការជាបណ្តោះអាសន្ននៅខែកញ្ញាខាងមុខនេះ ខណៈគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ នេះ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល៩៤,១០%ហើយ ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងបណ្តាញសង្គមថា គិតត្រឹមនៅវេលាម៉ោ១០ព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់សៀង ហៃ (SCG)បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល ខណៈគម្រោងនេះសម្រេចបានលទ្ធផល៩៤,១០% ។
អ្នកនាំពាក្យបានលើកឡើងថា ចំពោះស្ពានទាំងមូលចែកចេញជា៣ផ្នែក គឺផ្នែកខាងកើតជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ, ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ ។
គម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១% ។
អ្នកនាំពាក្យបានបញ្ជាក់ថា «បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ» ៕