រាជធានីភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានសហការគ្នា បង្រ្កាបមុខសញ្ញាគ្រឿងញៀន លួចឆក់ប្លន់ និង ក្រុមអន្ធពាល ហើយបានឃាត់ខ្លួនជនសង័្សយ ចំនួន៨នាក់ និង ដកហូតបានវត្ថុតាងមួយចំនួន រួចហើយបានកសាងសំណុំរឿងចាត់ការតាមច្បាប់។
មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីវេលាម៉ោង២ និង ៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវតាមជំនាញ រហូតឈានដល់ការបង្រ្កាប និង ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យរូបនេះ ក៏មានដីកាចាប់ខ្លួនរបស់តុលាការ ខណៈសមត្ថកិច្ចបានឃាត់ខ្លួន និង ដកហូតបានយកវត្ថុតាងគ្រឿងញៀន ចំនួន៤កញ្ចប់តូច។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីឃាត់ខ្លួនជនសង័្សយ ឈ្មោះ ម៉ូវ សុភា រួចហើយ សមត្ថកិច្ចក៏បាននាំទៅសាកសួរ ទើបឈានដល់ការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យ ជាបន្ដបន្ទាប់ចំនួន៧នាក់បន្ថែមទៀត នៅទីតាំងចំនួន៤កន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង័្សយទាំង៨នាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៨កញ្ចប់, ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង, ៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤, ៤-ថង់ ច្រកគ្រឿងញៀនមួយចំនួន, ៥-ដែកកេះជ័រ ចំនួន៥, ៦-កាំបិត៧-ដាវដែក៦ និង ពូថៅចំនួន២, ៧-កាំភ្លើងកែច្នៃ២, ៨-ដំបងបីកំណាត់ ១។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និង វត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕