នគរបាល២ខណ្ឌ សហការគ្នាតាមឃាត់ខ្លួនជនសង័្សយ ឆក់កាបូប

10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនសង័្សយ២នាក់ បាននាំគ្នាឆក់កាបូបរបស់ជនជាតិ ហើយបាននាំគ្នារត់គេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃ នៅតែរត់គេចខ្លួនមិនរួចពីគុក ហើយត្រូវបានសមត្ថកិច្ចចំការមន និង ខណ្ឌឫស្សីកែវ សហការគ្នាស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានឲ្យដឹង ថា កាលពីវេលាម៉ោង១១ និង ២០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ មានចោរឆក់កាបូបមួយករណី នៅចំណុចមុខក្លឹប ULTRA ផ្លូវចៃកា ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ រីឯសម្ភារនៅក្នុងកាបូបនោះ មានលិខិតឆ្លងដែន ចំនួន២ក្បាល, អត្តសញ្ញាណបណ្ណសញ្ញាតិចិន ចំនួន២សន្លឹក, ប័ណ្ណបើកបរចំនួន១សន្លឹក, ប័ណ្ណការងារកម្ពុជាចំនួន១ និង ប័ណ្ណឥណពន្ធហុងកុង ចំនួន១សន្លឹក។ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងស្នើសុំអន្ដរាគមន៍ពីសមត្ថកិច្ច។

លោកអធិការនគរបាល បានបន្ដ ថា បន្ទាប់មក សមត្ថកិច្ចខណ្ឌចំការមន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវតាមជំនាញរបស់ខ្លួន។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយម្នាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចបានបន្ដតាមឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ដែលជាអ្នកជិះម៉ូតូបិទគូទធ្វើសកម្មភាពឆក់។

ប្រភពដដែល បានបន្ដ ថា ជនសង័្សយទាំងនេះ រួមមាន៖ ១.ឈ្មោះគឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ និង ២.ឈ្មោះលី ហ្វាស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតបាន រួមមាន៖ ម៉ូតូ ចំនួន២គ្រឿង គឺម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4086 និង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1LI.8243, កូនកាបូបដៃពណ៌ធ្វើអំពីក្រណាត់ពណ៌ប្រផេះចំនួន១, លិខិតឆ្លងដែនចំនួន២ក្បាល,កាតការងារជនបរទេសចំនួន១, អត្តសញ្ញាណប័ណ្ណប្រជាជនចិនចំនួន៣សន្លឹក និង ប័ណ្ណបើកបរជនបរទេសចំនួន១សន្លឹក។ រីឯជនរងគ្រោះ ឈ្មោះ HE KERUI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារហ័ងសាន បន្ទប់លេខ៣០៧ ជាន់ទី១៧ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ EJ.6243287 ចុះថ្ងៃទី០៨.១១.២០២៣។

ក្រោយពេលបង្ក្រាបរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ពត័មានពេញនិយម