បុរស២នាក់ សង័្សយផ្ទុះភ្លើងប្រចណ្ឌ ចាក់ប្រហារលើគូទំនាស់ដួលដេកក្នុងថ្លុកឈាម

05-ឧសភា-2025 - ម៉ោង 09:06:AM

ខេត្តកំពង់ចាម៖ អ្នករើសអេតចាយ២នាក់ ជាអ្នកដើររើសអេតចាយ ទំនងជាដណ្ដើមគ្នាស្រឡាញ់ស្រ្ដីមិនគ្រប់ទឹកម្នាក់ រហូតឈានដល់ការផ្ទុះអំពើហិង្សា ចាក់ប្រហារគ្នា បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅខាងក្រៅបរិវេណ នៃរបងផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រភពព័ត៌មាន បានឲ្យដឹង ថា ជនសង័្សយ និង ជនរងគ្រោះ ជាអ្នកប្រកបរបរដើររើសអេតចាយ ហើយតែងតែត្រូវបានប្រទះឃើញដេក នៅម្តុំផ្សារបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមជាមួយស្ត្រីមានសតិមិនគ្រប់ម្នាក់ទៀត។ លុះមកដល់ព្រឹក ថ្ងៃកើតហេតុ បុរសទាំង២នាក់នេះ បានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា វាយតប់គ្នាទៅវិញមក ទើបមានបុរសចំណាស់ម្នាក់ ចូលទៅឃាត់។ ប៉ុន្ដែបុរសទាំង២នាក់ នៅតែបន្ដឈ្លោះប្រកែកគ្នានៅតាមដងផ្លូវ រហូតធ្វើឲ្យអ្នកភូមិមិនចូលចិត្ត ក៏ដេញបុរសទាំង២នេះឲ្យទៅឆ្ងាយ។

ប្រភពដដែល បានបន្ដ ថា ក្រោយពេលអ្នកភូមិបណ្ដេញឲ្យទៅឆ្លាយរួចមក អ្នករើសអេតចាយទាំង២នាក់ បានបន្ដឈ្លោះគ្នា ហើយដើរតម្រង់ទៅកាន់ផ្សារបឹងកុក ក្រុងកំពង់ចាម។ លុះពេលពួកគេបានធ្វើរដំណើរទៅដល់ចំណុចផ្លូវបំបែក ស្រាប់តែបុរសម្នាក់បានដកកូនកាំបិតចាក់ទៅលើគូទំនាស់ត្រូវចំពោះ បណ្ដាលឲ្យស្លាប់នៅក្នុងប្លុកឈាម។ ករណីឃាតកម្មនេះ ត្រូវបានពលរដ្ឋដាក់ការសង័្សយ ទៅលើបុរសទាំង២ អាចឈ្លោះគ្នាដណ្ដើមស្រីកំណានចិត្តរបស់គេ ដែលជាមនុស្សមានសតិមិនប្រក្រតីម្នាក់នោះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មាន អំពីករណីឃាតកម្ម នៅចំណុចកើតហេតុ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយបានឃាត់ខ្លួនជនសង័្សយ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕

ពត័មានពេញនិយម