ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ព្រឹត្តិការណ៍រំឭកនេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា នៅស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង ដែលមានពិព័រណ៍រូបភាព និងឯកសារ ពិធីឧទ្ទិសកុសល និងបញ្ចាំងភាពយន្ត ដោយមានភ្ញៀវជាតិ-អន្តរជាតិជាច្រើននាក់ ចាប់អារម្មណ៍និងចូលរួមទស្សនា។
ស្ថានទូតបារាំង បានឱ្យដឹងថា ការប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងបញ្ជ្រាបការចងចាំពីសម័យកាលដ៏ខ្មៅងងឹតរបស់កម្ពុជាដល់មនុស្សជំនាន់ក្រោយ និងទំនាក់ទំនងរវាងបារាំង និងកម្ពុជា ផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ចំណែកឯ នៅថ្ងៃទី៧ ខែឧសភាព ចាប់ពីម៉ោង៦:៣០នាទីល្ងាច នឹងមានវេទិកាពិភាក្សា រវាងលោក ពន្ធុវិទូ ជាមួយអ្នកនិពន្ធបារាំង François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neveu ដែលធ្វើឡើងនៅវិទ្យាស្ថានបារាំង។ វាគ្មិនទាំង២រូបនេះ ជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។
រីឯនៅថ្ងៃទី៨ ខែឧសភា នឹងមានការរៀបចំពិធីរម្លឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅទីតាំងស្ថានទូតបារាំង ដែលមានការចូលរួមពីអ្នកមានជីវិតពីរបបខ្មែរក្រហម សាក្សី តំណាងសង្គមស៊ីវិល អាជ្ញាធរ និងអង្គទូត។
ដោយឡែកការបញ្ចាំងភាពយន្ត និងភាពយន្តឯកសារ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែឧសភា ដែលក្នុងនោះមានចំនួន១២រឿង ផ្ដោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជានាសម័យខ្មែរក្រហម។ វណ្ណកម្មទាំងអស់នោះ ជាស្នាដៃរបស់ផលិតករខ្មែរ និងបរទេស មានលោក ប៉ាន់ រិទ្ធី,លោក ដាវី ជូ,លោក Denis Do,លោកស្រី អែនជេលីណា ជូលី,លោក Arthur Dong និងលោក ឆាយ បូរ៉ា។ ស្នាដៃទាំងនេះទៀតសោត បង្ហាញពីការចងចាំពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ដែលឆ្លុះបញ្ចាំងពីបញ្ហា និងការបញ្ជ្រាបចំណេះដឹងពីរបបខ្មែរក្រហម ក៏ដូចជាការតស៊ូជម្នះពីការប៉ះទង្គិចផ្លូវចិត្ត៕