សមត្ថកិច្ច បង្ក្រាបរថយន្ដ៣គ្រឿងដឹកពងមាន់ជាង១២ម៉ឺនគ្រាប់ ចេញពីវៀតណាមចូលកម្ពុជា

05-ឧសភា-2025 - ម៉ោង 09:08:AM

រាជធានីភ្នំពេញ៖ ក្រុមឈ្មួញ បានដឹកជញ្ជូនពងមាន់ជាង១២ម៉ឺនគ្រាប់ តាមរថយន្ដសាំងយ៉ុង ចំនួន៣គ្រឿង ចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ក៏ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ និង នៅតាមផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលបង្ក្រាប សមត្ថកិច្ចជំនាញ បានទទួលព័ត៌មាន អំពីករណីរថយន្ដរបស់ឈ្មួញ ចំនួន៣គ្រឿងដឹកពងមាន់រាប់ម៉ឺនគ្រាប់ចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានសហការគ្នាត្រួតពិនិត្យតាមគោលដៅ។ ជាលទ្ធផលក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្តចំនួន៣គ្រឿង ដឹកពងមាន់ ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ ដោយគ្មានច្បាប់អនុញ្ញាត យកមកចែកចាយ នៅរាជធានីភ្នំពេញ។ នៅក្នុងចំណោមរថយន្ដទាំង៣គ្រឿងនោះ រួមមាន៖

រថយន្តទី១-ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង៤៨ ០០០គ្រាប់ ហើយត្រូវបានចាប់ឃាត់ នៅជិតរង្វង់មូលកួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តទី២-ដឹកស៊ុតមាន់ ចំនួន១៥០ដុំ ស្មើនឹង ៤៥ ០០០គ្រាប់ ដោយបានចាប់ឃាត់នៅតាមផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តទី៣-ដឹកស៊ុតមាន់ ចំនួន១០០ដុំ ស្មើនឹង ៣០ ០០០គ្រាប់ ដោយបានចាប់ឃាត់ នៅតាមផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ក្រោយពេលបង្ក្រាបរួចហើយ សមត្ថកិច្ចបាននាំយករថយន្តទាំង៣គ្រឿង រួមនឹងស៊ុតមាន់ សរុប ១២៣ ០០០គ្រាប់ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន និង ធ្វើចត្តាឡីស័កសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ពត័មានពេញនិយម