លោក Trump ចង់រៀបចំក្បួនព្យុហយាត្រាយោធាដ៏កម្រ នៅថ្ងៃខួបកំណើត

ម្សិលមិញ ម៉ោង 09:57:AM

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រផែនការរៀបចំក្បួនព្យុហយាត្រាយោធាដ៏កម្រមួយនៅទីក្រុងវ៉ាស៊ីនតោន ចំថ្ងៃខួបកំណើតរបស់លោក។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ត្រាំ បាននិយាយយ៉ាងដូច្នេះថា យើងមានមីស៊ីលដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមាននាវាមុជទឹកដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមានរថក្រោះចម្បាំងដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមានអាវុធដ៏អស្ចារ្យបំផុតក្នុងពិភពលោក ហើយយើងនឹងប្រារព្ធព្រឹត្តិការណ៍បង្ហាញពួកវា។

ទោះជាយ៉ាងណា មនុស្សមួយចំនួនបានប្រឆាំងនឹងផែនការនេះ ដោយសារពួកគេមិនពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ នៅក្នុងការកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់រដ្ឋាភិបាលកន្លងមកនេះ។

ក្បួនព្យុហយាត្រាយោធាដែលលោក ត្រាំ លើកឡើងនេះ ត្រូវបានគេរំពឹងថា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ចំថ្ងៃខួប ២៥០ឆ្នាំនៃការបង្កើតកងទ័ពអាមេរិក ចំណែកលោកប្រធានាធិបតី ត្រាំ ឈានចូលដល់វ័យ ៧៩ឆ្នាំ។

ប្រភពពីក្រុមមន្ត្រីបានបង្ហើបឱ្យដឹងថា ក្បួនរថយន្តប្រហែល ១៥០គ្រឿង យន្តហោះ ៥០គ្រឿង និងកងទ័ពចំនួន ៦.៦០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ព្យុហយាត្រាយោធានេះ ដើម្បីរំលឹកពីការបម្រើជាតិមាតុភូមិរបស់កងទ័ពអាមេរិកក្នុងរយៈពេល ២៥០ឆ្នាំកន្លងមកនេះ។

សហរដ្ឋអាមេរិកប្រារព្ធក្បួនព្យុហយាត្រាយោធាចុងក្រោយនៅទីក្រុងវ៉ាស៊ីនតោន គឺនៅឆ្នាំ១៩៩១ ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមឈូងសមុទ្រ៕

ពត័មានពេញនិយម