សម្តេចតេជោ ហ៊ុន សែន៖ ក្រោយរំដោះ១៩៧៩ ដៃម្ខាងការពារ មិនឲ្យមានការវិលត្រឡប់មកវិញ នៃរបបរខ្មែរក្រហម ដៃម្ខាងត្រូវរកស្បៀងអាហារ និងកសាងស្ថាប័នជាតិ សេដ្ឋកិច្ចជាតិឡើងវិញ ខណៈធនធានមនុស្សនៅតិចតួចបំផុត ស្របពេលស្ថានភាពដ៏ពិបាកបំផុត ដែលត្រូវឡោមព័ទ្ធដោយទណ្ឌកម្មអន្តរជាតិ។ កាលណោះក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ២៧ ឆ្នាំ សម្តេចរងការប្រមាថជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចនៅតែបន្តប្រឹងប្រែងដើម្បីប្រជាជនកម្ពុជា និងប្រទេសជាតិឲ្យរស់រានឡើងវិញ។
នៅពេលចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ មករា ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ សម្តេចត្រូវធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។ ពេលនោះ មានអាវុធ៣ ដែលអាចប្រហារជីវិតនយោបាយរបស់សម្តេចបាន ដែលក្នុងនោះ ទី១ ផ្ទៃក្នុង មិនយល់ពីកំណែទម្រង់នយោបាយ, ទី២ វត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងទី៣ ប្រិសនបើមិនមានការគាំទ្រពីសហភាពសូវៀត វៀតណាម និង ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពេលនោះច្បាស់ណាស់ជីវិតនយោបាយរបស់សម្តេចនឹងស្លាប់។