សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ឆបោកតាមអនឡាញ

25-មិនា-2025 - ម៉ោង 11:10:AM



រាជធានីភ្នំពេញ៖ បុរសម្នាក់ បានឆបោកតាមអនឡាញ ទទួលបានប្រាក់ហើយ មិនព្រមប្រគល់ទំនិញទៅឲ្យម្ចាស់លុយ ទើបសមត្ថកិច្ចបានឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។

មន្រ្ដីនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង ថា ជនសង័្សយ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សម្រាប់បោកប្រាស់លុយពីជនរងគ្រោះ តាមផេករបស់គេ ឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និង គណនីក្លែងក្លាយជាច្រើនទៀត។ ជននេះបានឆបោកលុយ ពីជនជាតិបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនករណី។

មន្រ្ដីនគរបាលទេសចរណ៍ បានឱ្យដឹង ថា បន្ទាប់មក សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ ជនសង័្សយ បានសារភាព ថា ខ្លួនពិតជាបានឆបោកលុយពីជនជាតិខ្មែរ និង ជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមហ្វេសប៊ុកប្រាកដមែន។

ក្រោយពេលសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយ ទៅចាត់ការតាមច្បាប់៕

ពត័មានពេញនិយម