រាជធានីភ្នំពេញ៖ បុរសម្នាក់មានវិបត្ដិផ្លូវចិត្ត ទាញកាំបិតគំរាមចាក់ទៅលើអ្នកភូមិ បណ្ដាលឲ្យរងរបួសស្រាល កាលពីវេលាម៉ោង៩ និង ២០នាទីយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមម្ដាយមីងរបស់ជនសង័្សយ បានឲ្យដឹង ថា ក្មួយរបស់គាត់ កើតមានបញ្ហាក្នុងគ្រួសារ ហើយប្រពន្ធ និងកូនរបស់គេ បានចេញទៅរស់នៅតាមខេត្ត ទើបធ្វើឲ្យគេជាប្ដីខូចចិត្ត។ ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃមុននេះ គាត់ជាម្ដាយមីង បានឃើញក្មួយកាន់កាំបិតដើរពេញភូមិ ទើបគាត់ប្រាប់ ថា ក្មួយកុំកាន់កាំបិតដើរពេញភូមិអ៊ីចឹង ប្រយ័ត្នសមត្ថកិច្ចចាប់។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែក្មួយបានឈ្លោះប្រកែកគ្នា ជាមួយប្អូនស្រីម្នាក់ ដែលយកបាយមកម្ហូបឲ្យ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់មក សម្រាប់តែនៅវេលាម៉ោងប្រហែល៩យប់ ក្មួយបានកាន់កាំបិតដើរម្ដងទៀត ធ្វើឲ្យអ្នកភូមិ មានការភ័យខ្លាច ហើយបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍។ ប៉ុន្ដែគ្រាន់តែឃើញកម្លាំងសមត្ថកិច្ចចុះមកដល់ ក្មួយរបស់គាត់បានព្យាយាមរត់គេចខ្លួន ឡើងលើដំបូងផ្ទះ ទើបសមត្ថកិច្ចពង្រាយកម្លាំងឡោមព័ទ្ធ និង លួងលោម នាំចុះមកក្រោមវិញ។
មន្រ្ដីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹង ថា បុរសដែលគំរាមចាក់អ្នកភូមិ ឈ្មោះ អាក្អូ អាយុជាង៣០ឆ្នាំ ហើយគេមានកូនចំនួន២នាក់ រស់នៅក្នុងបន្ទុក។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់នេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនាំ និង ចាត់ការតាមនីតិវិធី៕