ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិតក្បត់ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើ បដិវត្តន៍ នៅកម្ពុជាតាមរយៈគម្រោង «ផ្ការីក» ឬចលនាផ្សេងទៀតនោះ គឺជាអំពើ«ភេរវកម្ម»សុទ្ធសាធ។
ការចាត់ទុករបស់ លោកហេង សំណាង បែបនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកសង្កេតឃើញលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស បានបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក» ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
លោក ហេង សំណាង បានថ្លែងថា « ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែបង្កើតបំផុសញុះញង់ ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ ដើម្បីឱ្យមហាជនបានដឹង»។
លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសារជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅ ៗ ដោយមិនខ្វល់ពីសុខសន្តិភាព និងការអំភិវឌ្ឍន៍ដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំងមូលរហូតមកទល់នឹងបច្ចុប្បន្ននេះ ។
ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺ បានធ្វើសកម្មភាពថ្កោលទោសក្នុងរូបភាពផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេសពួកគាត់បានស្នើសុំ និងអំពាវនាវទៅដល់រដ្ឋាភិបាលនីតិកាលទី៧ ដើម្បីពិនិត្យមើលលទ្ធភាពតាក់តែងច្បាប់ដើម្បីចាត់វិធានការទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា «ច្បាប់ភេរវកម្ម»នោះ។