បុរសម្នាក់ បើកម៉ូតូបុកគូទរថយន្ដធំមួយគ្រឿង ដួលបោកក្បាលនឹងថ្នល់

19-ធ្នូ-2024 - ម៉ោង 03:48:PM

ខេត្តកណ្ដាល៖ បុរសម្នាក់ បានជិះម៉ូតូយ៉ាងលឿន ដោយមិនមានពាក់មួកសុវត្ថិភាព ជ្រុលចង្កូតទៅបុករថយន្ដធុនធំមួយគ្រឿង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង ៣០នាទីព្រលប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២៦១ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់នោះ មានបុរសម្នាក់ បានបើករថយន្តធុនធំ ម៉ាក Nissan ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ KDL 0726 តាមបណ្ដោយផ្លូវលេខ២៦១ នៅក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយនឹងបុរសម្នាក់កំពុងតែជិះម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AT-4077 យ៉ាងលឿន។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហេតុ ក៏ឈប់នៅលើទ្រូងផ្លូវ ស្រាប់តែអ្នកជិះម៉ូតូបើកមកដល់ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ដយ៉ាងពេញទំហឹង ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និង មន្រ្ដីជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតរថយន្ត និងម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ មកទទួលយកសពរបស់ជនរងគ្រោះ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម