រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានជិះម៉ូតូទៅធ្វើការងារ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងបុរសម្នាក់ ដែលកំពុងតែជិះកង់ហាត់ប្រាណ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ខ្លួនឯង ទាំងព្រឹកព្រលឹមអុរ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចកោះនរា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មាននារីវ័យក្មេងម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាឌី្រម សេ១២៥ ស៊េរី២០១៨ ពាក់ស្លាកលេខ កណ្ដាល 1AA-4555 យ៉ាងលឿន ទៅធ្វើការងារ។ លុះពេលគាត់បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបុរសម្នាក់ ដែលកំពុងតែជិះកង់ ហើយទំនងជាគាត់បានចាប់ហ្វ្រាំងទាំងបង្ខំ ទើបធ្វើឲ្យដួលម៉ូតូ បោកក្បាលនឹងថ្នល់ ស្លាប់យ៉ាងអាណោចអាធម័មួយរំពេច ខណៈអ្នកហាត់ប្រាណបានរងរបួសរលាត់ក្បាលជង្គង់តិចតួច។
បើតាមកាតធ្វើការ នៅជាប់នឹងខ្លួននារីរងគ្រោះ មានឈ្មោះ ឆន សុខលី បម្រើការងារ នៅក្នុងក្រុមហ៊ុន យីដា មេនូហ្វេកធើរើ មានតួនាទីជាប្រធានផ្នែក។
ក្រោយពេលកើតេហតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតម៉ូតូ និង កង់ យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកសពរបស់នារីរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕