បុរសម្នាក់​ចេញពីធ្វើការ ស្លាប់នៅពាក់កណ្ដាលផ្លូវ

19-ធ្នូ-2024 - ម៉ោង 03:47:PM

រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបនឹងចេញពីធ្វើការ បានជិះម៉ូតូតម្រង់ទៅកន្លែងស្នាក់នៅវិញ ស្រាប់តែជួបនឹងគ្រោះអកុសល ជ្រុលចង្កូតទៅបុកខឿនតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវមួយខ្សែ នៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូ ម៉ាកហុងដា CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IQ-3248 ចេញពីកន្លែងធ្វើការយ៉ាងលឿន ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ នៅក្នុងទិសដៅពីកើតទៅលិច។ លុះពេលជនរងគ្រោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ឡើងទៅលើពំនូកថ្មកាត់ទទឹងផ្លូវ ធ្វើឱ្យម៉ូតូរអិល និង រេចង្កូតបុកទៅលើខឿន នៅតាមចិញ្ចើមផ្លូវ ដួលបោកក្បាលនឹងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ឃើញហេតុការណ៍បែបនេះ អ្នករួមការងារជាមួយគ្នា បានហៅម៉ូតូកង់បី មកដឹក បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់។ ប៉ុន្ដែជាអកុសល ជនរងគ្រោះបានដាក់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅដល់ពាក់កណ្ដាលផ្លូវ។

សមត្ថកិច្ច បានឲ្យដឹង ថា បុរសរងគ្រោះ ឈ្មោះ រស់ វណ្ណៈ អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង មានស្រុកកំណើត នៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ និង ធ្វើកំណត់ហេតុដកហូតម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីប្រគល់ជូនក្រុមគ្រួសាររបស់គាត់។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

ពត័មានពេញនិយម