ខេត្តតាកែវ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានបើករថយន្ដដឹកមិត្តភក្ដិបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ដរបស់ខ្លួនដាច់កង់មុខ ពីចំហៀងខាងស្ដាំ ហើយដេកលក់ធ្វើព្រងើយ កាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ពានលេខ៦១ នៅមុខខ្លោងទ្វារវត្ដអង្គមេត្រី តាមផ្លូវជាតិលេខ ស្ថិតក្នុងភូមិរូង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបរថយន្ដ ម៉ាក អ៊ីស៊ុយហ្ស៊ុយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-7084 ដឹកបុរសម្នាក់ បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ២ បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្ដមួយគ្រឿងទៀត ម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2BF-2234 កំពុងតែបើកបរ នៅក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលរថយន្ដទាំង២គ្រឿង បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដអ៊ីស៊ុយហ្ស៊ុយ រងការខូចខាតយ៉ាងដំណំ ហើយបានបើករថយន្ដមកដល់មុខវត្ដអង្គមេត្រី ទើបរថយន្ដដាច់កង់មុខពីចំហៀងខាងស្ដាំ បើកទៅមុខលែងរួច ហើយអ្នកបើកបរបានដេកលក់ធ្វើព្រងើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតរថយន្ដទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបណ្ដាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ៕