បុរសញៀនថ្នាំម្នាក់បានបាត់ខ្លួនជាង២ខែមកហើយ រហូតមកដល់វេលាម៉ោង ១១:៣៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេប្រទះឃើញសាកសពមនុស្សម្នាក់ចង់កនៅនឹងធ្នឹមដំបូលព្រះវិហារ នៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ទុំ សាក់លីណា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
បើតាមលោកវរេសេនីយ៍ត្រី អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានរាយការណ៍មកលោកអធិការ នគរបាលក្រុងអរិយក្សត្រថា មានករណី អត្តឃាត(ចងក) នៅនឹងធ្នឹមដំបូលព្រះវិហារ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការបានបញ្ជាអោយកម្លាំងជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
បើតាមការបំភ្លឺរបស់ឈ្មោះ ឯម សម្បត្តិ ភេទស្រី អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយ រហូតមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយចេះតែដើរចោលផ្ទះជារៀងរាល់ថ្ងៃ កន្លែងដែលគាត់ឧស្សាហ៍ទៅគឺគាត់ទៅវត្តបារាជ និងវត្តអរិយក្សត្រ។
អ្នកមីងបានបន្តរទៀតថា គាត់តែងតែទៅអុជធូបជារៀងរាល់ថ្ងៃទោះនៅផ្ទះក៏គាត់អុជធូបដែរ ប៉ុន្តែនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹកគាត់បានដើរចេញពីផ្ទះដូចរាល់ដង តែម្តងនេះមិនឃើញគាត់ត្រឡប់មកផ្ទះវិញទេ ហើយក្រុមគ្រួសារបានដើររកគ្រប់ទីកន្លែងដែលគាត់ឧស្សាហ៍ទៅតែពុំឃើញ ក្រោយមកក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍ស្វាយជ្រំអោយជួយរកក៏គ្មានដំណឹង។
លុះមកដល់វេលាម៉ោង ១១:៣៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក៏បានទទួលដំណឹងពីនគរបាលប៉ុស្តិ៍អរិយក្សត្របានទូរស័ព្ទប្រាប់ថា នៅវត្តអរិយក្សត្រ ព្រះសង្ឃគង់នៅក្នុងវត្ត បានរាយការណ៍មកប៉ុស្តិ៍ថាមានធំក្លិនស្អុយនៅលើដំបូលព្រះវិហារភ្លាមៗនោះសមត្តកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ ហើយក៏បានអោយកូនសិស្សលោកឡើងទៅមើលលើពិដានដំបូលព្រះវិហារឃើញមានមនុស្សចងកនៅលើនោះ រួចកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវរកសាច់ញាតិដែលបានដាក់ពាក្យបណ្តឹងកាលពីលើកមុនៗឱ្យមកមើលភិនភាគសព ទើបម្តាយនិងក្រុមគ្រួសារបានទទួលថាពិតជាកូនរបស់គាត់ពិតមែន។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថាសាកសពជនរងគ្រោះ មានសភាពចងជាប់ធ្នឹមដំបូលព្រះវិហារវត្តអរិយក្សត្រ សពមានសក់ពណ៌ខ្មៅជ្រុះជិតអស់ ភ្នែកខូងទាំងសងខាងអស់សាច់ មាត់ចំហរ ធ្មេញជ្រុះចូលក្នុងមាត់ ស្លៀកខោខ្លីពណ៌ខៀវមិនពាក់អាវ លីអូពណ៌ឈាមជ្រូកនៅចង្កេះខោម៉ាក TICKME មានអាវធំពណ៌សនៅក្បែរសព មានខ្សែរអំបោះពណ៌សរនៅកដៃទាំសងខាង និង នៅក មានស្នាមទ្រុឌព័ទ្ធទៅគុម្ពត្រចៀកទាំងសងខាង នៅលើដងខ្លួនអវៈយវៈសាកសព ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ស្ថានភាពសាកសពមានសភាពទ្រោមស្វិត ចំណែតឯវត្ថុធ្វើឃាត គឺមានខ្សែរកន្ទុយកន្តោរមូល ពណ៌ស ប្រវែង៣ម៉ែត្រ ។
ក្រោយពីពិនិត្យសាកសពរួចមកគ្រូពេទ្យនឹងផ្នែកជំនាញបានប្រាប់អោយដឹងថា ជនរងគ្រោះស្លាប់ដោយការធ្វើ អត្តឃាត (ចងក) ។
បច្ចុប្បន្នសាកសពត្រួវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕