ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់ដែលមានស្រាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហា«កោះគុត» មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងជាពិសេសអ្នកនយោបាយចាស់វស្សា ដើរតែញុះញង់ពលរដ្ឋឲ្យមាន ការយល់ច្រឡំលើបញ្ហានេះឡើយ។
ផ្ញើសារចេញពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធានាថានឹងមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រណាឡើយ ហើយទាក់ទងនឹងបញ្ហា«កោះគុត»នេះគឺរាជរដ្ឋាភិបាលបានកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់បំផុតជាមួយរដ្ឋាភិបាលថៃ ដោយមិនបានប្រងើយកន្តើយដូចការអុចអាលរបស់ក្រុម អគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រុកនោះទេ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្ដាំទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះផងដែរថា គប្បីបញ្ឈប់ការញុះញង់អុចអាល បងប្អូនប្រជាពលរដ្ឋឱ្យប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ដើម្បីតែបម្រើមហិច្ឆិតាខ្លួន ហើយឲ្យបងបងប្អូនជាប់គុកជំនួសពួកផងខ្លួននោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមកុំធ្វើតាមការញុះញង់ពីសំណាក់ពួកអគតិទាំងនោះឲ្យសោះ ដែលវានឹងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ខណៈបញ្ហា«កោះគុត»នេះរាជរដ្ឋាភិបាលបានកំពុងធ្វើការដោយសន្តិវិធីទៅតាមច្បាប់ជាមួយ និងភាគីថៃនោះ៕