បង្រ្កាបក្រុមទំនើងមួយសម្រុក ដើរកាប់បំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដទៃ

17-ធ្នូ-2024 - ម៉ោង 02:15:PM

រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានរហស្សនាម «ដៃបួន ឬ D4» បានចូលទៅកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួនគ្រឿង ដល់បន្ទប់ជួល ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួនជាបន្ដបន្ទាប់ ចំនួន៧នាក់ ហើយបាននាំពួកគេទៅចាត់ការតាមច្បាប់។

បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មានក្មេងទំនើងមួយក្រុម បានចូលទៅកាប់បំផ្លាញម៉ូតូចំនួន២គ្រឿង ដល់បន្ទប់ជួលមួយកន្លែង នៅតាមផ្លូវបេតុង នៅក្រោយបុរីពិភពថ្មី នៅជិតវត្តឫស្សីសាញ់ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះស្រាវជ្រាវ រហូតឈានដល់ការកំណត់អត្ដសញ្ញាណរបស់របស់ជនសង័្សយ និង ឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាបន្ដបន្ទាប់ ចំនួន៧នាក់។ ក្រៅពីនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣គ្រឿង និង កាំបិតប៉័ងតោ ចំនួន១ ស្លាកលេខម៉ូតូ ចំនួន១។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និង វត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម