ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការវាស់វែងដីធ្លី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានឆាប់ៗនាពេលខាងមុខនេះ ដើម្បីបង្ករលក្ខណៈឲ្យដីបងប្អូនប្រជាពលរដ្ឋមានតម្លៃ និងលុបបំបាត់ ការទំនាស់ដីធ្លីជាដើមនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា ការរៀបចំកម្មសិទ្ធដីធ្លីនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវបន្តទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីនេះ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ ដោយនឹងផ្តល់កម្មសិទ្ធជូននៅក្នុងអាណត្តិនេះផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា បន្តពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាល នឹងខិតខំធ្វើកំណែទម្រង់លើវិស័យដីធ្លីបន្ថែមទៀត តាមរយៈការវាស់វែងដីធ្លី ចុះបញ្ជី និងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាដើមនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអះអាងថា ១៦ខែក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានពន្លឿនការចុះបញ្ជីក្បាលដីធ្លី ជូនពលរដ្ឋបានចំនួនជាង៣លាន៤សែនក្បាលដី ដោយនឹងមានគម្រោងបញ្ចប់ការវាស់វែងនេះនៅឆ្នាំ២០២៥ ថែមទាំងផ្តល់ជូនជាកម្មសិទ្ធនៅក្នុងឆ្នាំ២០២៧ផងដែរ៕