លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកកោតសរសើរចំពោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយរាល់យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជា ក្នុងកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សជាមួយគ្រប់ភាគីពាក់ព័ន្ធនានា។
សម្រាប់ជំនួបរវាងលោក អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ជាមួយអនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងរដ្ឋាភិបាលអូស្ត្រាលី លើការងារលើក កម្ពស់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក អ៊ិត រ៉ាឌី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី និងក្រុមការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានទូត ក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្តល់នូវ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អជាមួយ គ.ស.ម.ក. នាពេលកន្លងមក។ បន្ទាប់មក ឯកឧត្តម បាន បង្ហាញពីវឌ្ឍនភាពការងារមួយចំនួនរបស់ គ.ស.ម.ក. ជាពិសេស ពាក់ព័ន្ធនឹងអនុសាសន៍ដែលទទួល បានពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ដោយផ្តោតសំខាន់លើអនុសាសន៍ចំនួន១២ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដែលកម្ពុជាបានទទួលយកមកអនុវត្តទាំងអស់។
បន្ថែមលើនេះ លោកស្រីក៏បានលើកឡើងអំពីជម្រើសជាអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ រវាងអូស្ត្រាលី និង គ.ស.ម.ក. ជាការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តអនុសាសន៍ UPR ជុំ ទី៤ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQIA+) និងបានផ្តល់ព័ត៌មានថ្មីៗអំពីការគាំទ្រ របស់ប្រទេសអូស្ត្រាលី ដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR) ព្រមទាំងការវិវឌ្ឍនៃការងារសិទ្ធិមនុស្សមួយចំនួនផ្សេងទៀតផងដែរ។
លោក អ៊ិត រ៉ាឌី បានសម្តែងនូវការស្វាគមន៍ចំពោះការបន្តជួយគាំទ្ររបស់រដ្ឋាភិបាល អូស្ត្រាលីដល់ព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកចំពោះការគាំទ្រដល់ គ.ស.ម.ក. ក្នុងការងារ លើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕