ជនជាតិចិនម្នាក់ បើករថយន្ដបុកកង់បីខ្មែរ បើករត់ជ្រុលទៅបុកម៉ូតូ

25-មិនា-2025 - ម៉ោង 01:24:PM

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តយ៉ាងលឿន ជ្រុលចង្កូតទៅបុកកង់បី ក្រឡាប់ផ្ងារជើង ហើយបើករត់គេចខ្លួន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក AUDI A8L ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2567 យ៉ាងលឿន។ លុះពេលគាត់បើករថយន្ដមកដល់ចំណុចក្បែរវត្តមហាមន្ត្រី ស្រាប់តែរេចង្កូតឡើងខឿន ហើយជ្រុលទៅបុកកង់បីមួយគ្រឿងយ៉ាងពេញទំហឹង ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ ជនជាតិចិនបានបន្តបើករថយន្ដរត់គេច ដោយបានឆ្លងកាត់ផ្សារនាគមាស ហើយបន្តកាត់ទៅបុរីកីឡា រហូតមកដល់ចំណុចក្បែរផ្សារអូរឫស្សី តាមផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ១៤១ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ទើបរថយន្តបើកទៅមុខលែងរួច។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់នេះ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និង យករថយន្តស្ទូចយករថយន្តបង្ក ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕

ពត័មានពេញនិយម