សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ នាល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងពិធីនេះមានការចូលរួមដោយឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការ ចំនួន ៦២០០ នាក់ រួមទាំងគណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ និស្សិត ដែលបានអញ្ជើញមកចូលរួមពីបណ្តារាជធានី ខេត្តទូទាំងប្រទេស ក្នុងនេះមកពីបណ្តាខេត្ត ចំនួន ២៨០០នាក់ និងយុវជន និស្សិតមកពី១៨សាកលវិទ្យាល័យ ថ្នាក់ដឹកនាំសាសនានិងមហាជនចំនួន ២៥៥០ នាក់ព្រមទាំងប្រិយមិត្តបរទេសក្នុងនិងក្រៅប្រទេសចំនួនជាង ២៥0នាក់ ដែលមានចម្រុះ ៣១ជាតិសាសន៍។ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានថ្លែងថា "ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ហើយឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះ"។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា "ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ហើយមាននៅបណ្តាប្រទេសខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា សាសនិកឥស្លាមនៅលើសកលលោកកំពុងបួសតមអាហារមួយខែពីព្រលឹមរហូតដល់ថ្ងៃលិចប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥របស់សាសនាឥស្លាម"។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានរំលេចថា "ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម(OIC)ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ អង្គការសម្ព័ន្ធពិភពឥស្លាម(RABITA) និងបណ្តាប្រទេសជាច្រើនទៀត បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា សិក្សាស្វែងយល់ដកបទពិសោធន៍ពីកម្ពុជាជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ អង្គការសម្ព័ន្ពពិភពឥស្លាម(RABITA)បាន រៀបចំ កិច្ចប្រជុំ កំពូលឥស្លាមស្តីពី“ឥស្លាមនិងពុទ្ធសាសនា” លើក ទី ១ ដោយ ជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលមានការចូលរួមពីប្រតិភូបរទេសចំនួន ១៨០អង្គ/រូប មកពី ៣៦ប្រទេស ក្នុងនោះមានព្រះសង្ឃបរទេសចំនួន២៥អង្គ រួមនឹងភ្ញៀវជាតិសរុប ១១១៨អង្គ/នាក់ ដើម្បីផ្សាភ្ជាប់ការប្រាស្រ័យទាក់ទង ឱ្យកាន់តែមានភាពជិតស្និទ្ធ ការអត់ឱនយល់យោគគ្នា កាន់តែស៊ីជម្រៅច្រើនឡើង ដែលជាជោគជ័យក្នងការ ធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។
នេះជាកិច្ចប្រជុំលើកទី១នៅលើទឹកដីកម្ពុជា ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” ហើយក៏ជាលើកទី១នៅលើសាកលលោកផងដែរ។ហើយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុម ប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (RISEAP) ដែលមានការចូលរួមពីប្រតិភូបរទេស មកពី ២៤ប្រទេស ចំនួន ១៥០នាក់ និងភ្ញៀវជាតិសរុប ១០១២នាក់។
កិច្ចប្រជុំកំពូលទាំងនេះបានចាត់ទុកកម្ពុជា គឺជាប្រទេសដែលបានផ្តល់ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដែលចាត់ទុកជាប្រទេសគំរូមួយនៅលើសាកលលោកដែលគួរត្រូវបានប្រទេសមួយចំនួនយកបទពិសោធន៍រៀនសូត្រតាម"៕