ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមប្រុស-ស្រី ចំនួន៦នាក់ បានរកស៊ីជួញដូរ និង រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ជិត១០គីឡូក្រាម នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
មន្រ្ដីនគរបាលខេត្តស្វាយរៀង បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាប និង ឃាត់ខ្លួននោះ សមត្ថកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានធ្វើការងារតាមជំនាញរបស់ខ្លួន រហូតឈានដល់ការកំណត់បានមុខសញ្ញារបស់ជនសង័្សយ។ លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញខេត្ត បានឆ្មក់ប្រតិបត្ដិការបង្ក្រាបជនសង័្សយ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦នាក់ ដោយក្នុងនោះមានស្រី២នាក់ ហើយបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ១.សារធាតុញៀនជិត១០គីឡូ, ២.អាវុធខ្លីចំនួន២ដើម, ៣.សារធាតុគីមីផ្សំ ជិត២គីឡូក្រាម, ៤.ទូរស័ព្ទដៃ ចំនួន៧គ្រឿង, ៥.ម៉ូតូចំនួន៤គ្រឿង និង សម្ភារកែច្នៃមួយចំនួនទៀត។
ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួចមក មន្រ្ដីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទាំង៦នាក់ និង វត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្ន តុលាការ បានចេញដីកាឃុំខ្លួនជនសង័្សយទាំងនេះ ដាក់នៅក្នុងពន្ធនាគារខេត្តស្វាយរៀង ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសម្រេចផ្ដន្ទាទោស នាពេលក្រោយ៕