(កំពង់ស្ពឺ)៖ ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។
ក្រោយទទួលបានព័ត៌មាន និងឃើញការបង្ហោះតាមបណ្តាញសង្គម ព្រមទាំងបានទទួលការផ្តល់ព័ត៌មាន និងចូលរួមសហការពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់ការឃាត់ខ្លួនក្រុមទាំងនេះជាបន្តបន្ទាប់។
ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា «Team22» បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, នៅពេលនេះកម្លាំងអាវុធហត្ថកំពុងនាំខ្លួនពួកគេមកសួរនាំនៅបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់៕