ជប៉ុន ចាប់ផ្ដើមបង្កើនការចំណាយថវិកាដល់៧៣៥ពាន់លានដុល្លារ លើវិស័យការពារជាតិនិងសុខុមាលភាពសង្គម

28-ធ្នូ-2024 - ម៉ោង 09:12:AM

រាជធានីតូក្យូ៖ ជប៉ុន បានដេកលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២ ប៉ុន្ដែការបង្កើនឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់ កំពុងតែអង្រួនប្រទេសអាស៊ីបូព៌ាមួយនេះ ឲ្យភ្ញាក់ពីដំណេក ចាប់ផ្ដើមបង្កើនកញ្ចប់ថវិកាចំណាយ រហូតដល់៧៣៥ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ និង សុខុមាលភាពសង្គម ខណៈមនុស្សចាស់របស់ប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៤របស់ពិភពលោកមួយនេះ មានចំនួនកាន់តែច្រើនឡើង។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ថា គណៈរដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃសុក្រ បានអនុម័តនូវសំណើកំណត់ត្រាកញ្ចប់ថវិកា រហូតដល់១១៥,៥ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង៧៣៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដោយចាប់ផ្ដើម ពីខែមេសាតទៅ បើធៀបនឹងកំណត់ត្រា នាឆ្នាំ២០២៣ មានត្រឹមតែ១១៤,៣ពាន់ពាន់លានយ៉េន។ សំណើចំណាយថវិកា នាពេលនេះ បានកើនលើសពី១១០ពាន់ពាន់លានយ៉េន សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា ដើម្បីបង្កើនការចំណាយទៅលើវិស័យការពារជាតិ, ថ្លៃសេវាសុខុមាលភាពសង្គម សម្រាប់ប្រជាជនចាស់ និង សេដ្ឋកិច្ចនៅក្នុងតំបន់។

ការចំណាយលើវិស័យការពារជាតិរបស់ជប៉ុន បានកើតឡើង ចំនួន៩,៥ភាគរយ ដោយស្មើនឹង៨,៦ពាន់ពាន់លានយ៉េន ស្របពេលរដ្ឋាភិបាលក្រុងតូក្យូ មានមហិច្ឆតាលើកម្មវិធី៤៣ពាន់ពាន់លានយ៉េន សម្រាប់រយៈពេលប្រាំឆ្នាំ ដោយមានគោលបំណងកំណត់យក២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់វិស័យការពារជាតិ នាឆ្នាំ២០២៧។

ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ នៅក្នុងឯកសារសង្ខេបមួយ ថា ប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តានតែង និង ស្មុគស្មាញបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតមក ខណៈមានការព្រមានម្តងហើយម្ដងទៀត ពីនាយករដ្ឋមន្ត្រី លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba)។ ប្រទេសជប៉ុន បានប្រកាន់យកតាមរដ្ឋធម្មនុញ្ញសន្តិភាព ក្រោយសង្គ្រាមលោកលើកទី២ ដោយបានកំណត់សមត្ថភាពយោធារបស់ខ្លួន នៅក្នុងវិធានការការពារជាក់ស្តែង។

ប្រទេសជប៉ុន បានធ្វើបច្ចុប្បន្នភាព លើគោលនយោបាយសន្តិសុខ និងការពារជាតិសំខាន់ៗ នៅក្នុងឆ្នាំ២០២២ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាប្រឈមជាច្រើន បង្កឡើង ដោយប្រទេសចិន។ រដ្ឋាភិបាលក្រុងតូក្យូ បានប្តេជ្ញា ថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដង តាមស្តង់ដាររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ អង្គការណាតូ ស្មើនឹង២ភាគរយ នៃផលិតផលក្នុងស្រុកសរុប នាឆ្នាំ២០២៧៕

ពត័មានពេញនិយម