ខេត្តស្វាយរៀង៖ បុរសកំណាចម្នាក់ បានវាយសម្លាប់ស្រ្ដីគម្នាក់ ទម្លាក់ចូលទៅក្នុងទឹកប្រឡាយ ហើយរត់គេចខ្លួនបានមួយរយៈ តែអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិអារ័ក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានឲ្យដឹង ថា កាលពីវេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ អំពីការប្រទះឃើញសពរបស់ស្រ្ដីគម្នាក់ បានអណ្ដែតក្នុងទឹកប្រឡាយ នៅក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បន្ទាប់ពីមានព័ត៌មានបែបនេះ គាត់បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង ក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ លើសពរបស់ជនរងគ្រោះ។ ជាលទ្ធផល ក្រុមការងារជំនាញ បានសន្និដ្ឋាន ថា ជាករណីឃាតកម្ម។
លោកអធិការនគរបាលស្រុកស្វាយទាប បានបន្ដ ថា បន្ទាប់មក លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាទៅលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨ ចុះស្រាវជ្រាវ រហូតឈានដល់ការកំណត់អត្តសញ្ញាណរបស់ជនសង្ស័យ និង ឃាត់ខ្លួនជនដៃដល់ នៅក្នុងស្រុករមាសហែក ដោយដកហូតបានម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង, ប្រាក់រៀល ៧ ១០០ ០០០រៀល និង ដំបង២ដើម។
ជនសង័្សយ បានសារភាពប្រាប់សមត្ថកិច្ច ថា រូបគេពិតជាបានប្រើប្រាស់ដំបង វាយទៅលើស្រ្ដីរងគ្រោះ បណ្តាលឲ្យស្លាប់ប្រាកដមែន។ បន្ទាប់មក រូបគេបានលើកសាកសព ទម្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្ដង។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចស្រុករមាសហែក បានប្រគល់ជនសង័្សយ និង វត្ថុតាង ទៅជូនមន្រ្ដីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដែលជាម្ចាស់សំណុំរឿងនេះ នាំទៅចាត់ការបន្ដតាមច្បាប់៕