រថយន្ដក្រុងមួយគ្រឿង ដឹកសិស្សខេត្តកំពង់ចាម រេចង្កូតខុសផ្លូវបុកដើមឈើជាប់នឹងមាត់ជ្រោះ

30-ធ្នូ-2024 - ម៉ោង 11:42:AM

ខេត្តកំពង់ស្ពឺ៖ រថយន្ដក្រុងមួយគ្រឿង ដឹកសិស្សជិត៧០នាក់នាក់ ទៅធ្វើទស្សនកិច្ចសិក្សា ស្រាប់តែរេចង្កូតខុសផ្លូវ ជ្រុលទៅបុកដើមឈើ នៅជាប់នឹងមាត់ជ្រោះ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ នៅលើខ្នងភ្នំឧទ្យានជាតិព្រះកុសុមគិរីរម្យ ស្ថិតក្នុងភូមិសាស្រ្តរបស់ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹង ថា ករណីសិស្សវិទ្យាល័យល្វា នៃស្រុកព្រៃឈរ ដែលទៅធ្វើទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមគិរីរម្យ បានជួបគ្រោះថ្នាក់ចរាចរណ៍នោះ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះឡើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ អាជ្ញាធរកំពុងតែយកចិត្តទុកដាក់ និង គិតគូរដល់សុវត្ថិភាពរបស់ពួកគេ។

លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ ថា ក្រោយពេលទទួលបានព័ត៌មាន អំពីករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះភ្លាម គាត់បានទាក់ទងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំជួយអន្តរាគមន៍ សង្គ្រោះដល់សិស្សទាំងនោះ។ រីឯសិស្សមួយចំនួន ក៏ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ រៀបចំទទួលអាហារពេលល្ងាច ជូនដល់ពួកគេ ផងដែរ។ បន្ទាប់មក អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងបញ្ជូនរថយន្តផ្សេង ទៅដឹកសិស្សទាំងអស់នោះ វិលត្រឡប់មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម វិញ។ ស្របគ្នានេះ គាត់ក៏បានណែនាំដល់អាជ្ញាធរ និង លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលសិស្សទាំងអស់នោះ នៅមុខវិទ្យាល័យល្វា ខណៈពួកគេវិលត្រឡប់មកវិញ។

បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹង ថា កាលពីសៀល ថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានករណីរថយន្តក្រុងមួយគ្រឿង បានរេចង្កូតខុសផ្លូវ ហើយជ្រុលទៅបុកដើមឈើនៅអែបជាប់នឹងជ្រោះ នៅត្រង់ចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ នៅលើខ្នងភ្នំឧទ្យានជាតិព្រះកុសុមគិរីរម្យ ស្ថិតក្នុងភូមិសាស្រ្ត ឃុំចំបក់ ស្រុកភ្នំស្រួច ។ ភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការ ធ្វើអន្ដរាគមន៍ ដើម្បីជួយសង្រ្គោះសិស្សទាំងនោះ។

លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឱ្យដឹង ថា ការធ្វើទស្សនកិច្ចសិក្សា ទៅកាន់ឧទ្យានជាតិព្រះកុសុមគិរីរម្យរបស់ខេត្តកំពង់ស្ពឺ នោះ បានដឹកនាំដោយគ្រូម្នាក់ និង ក្រុមគ្រួសារចំនួន៤រូប ហើយបានធ្វើដំណើរតាមរថយន្តក្រុង១គ្រឿង។ រថយន្ដក្រុងនោះ បានដឹកមនុស្ស សរុប៦៨នាក់ ដោយក្នុងនោះមានសិស្សថ្នាក់ទី១១, ថ្នាក់ទី១២ និង និស្សិតឆ្នាំទី១ ចំនួន៦៣នាក់ ហើយក្នុងនោះមានស្រីចំនួន៤០នាក់។

បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ថា ករណីរថយន្តក្រុងដឹកសិស្សសាលា ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ នៅខ្នងលើភ្នំគិរីរម្យនេះ ត្រូវបានសមត្ថកិច្ចនគរបាល ជួយអន្តគមន៍ និង នាំចុះមកដល់ជើងភ្នំ ប្រកបដោយសុវត្ថិភាព។ នៅក្នុងចំណោមមនុស្ស ចំនួន៦៨នាក់នោះ មានលោកគ្រូ អ្នកគ្រូ និងសិស្ស មកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប៉ុន្ដែករណីនេះ ចាត់ទុកថាសំណាងល្អណាស់ហើយ ព្រោះគ្មានអ្នកណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែមានតែអ្នកបើករថយន្ដក្រុងម្នាក់ និង ព្រូរថយន្ដម្នាក់ រងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តក្រុងដាច់ហ្វ្រាំង ទើបធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ជ្រុលទៅបុកនឹងដើមឈើនៅអែបជាប់នឹងមាត់ជ្រោះ៕

ពត័មានពេញនិយម