យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដឹកអ្នកដំណើរ១៨២នាក់ ផ្ទុះឆេះនៅកូរ៉េខាងត្បូង

30-ធ្នូ-2024 - ម៉ោង 10:14:AM

រដ្ឋធានីសេអូល៖ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុន Jeju ជើងហោះហើរលេខ 7C2216 ដឹកអ្នកដំណើរចំនួន១៧៥នាក់ និង អាកាសយានិក ចំនួន៦នាក់ បានហោះចេញពីទីក្រុងបាងកក ទៅចុះចតនៅក្នុងអាកាសយានដ្ឋានមួនអន្ដរជាតិ (Muan) ប្រទេសកូរ៉េខាងត្បូង ហើយបានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ផ្ទុះឆេះបញ្ចេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ដោយបានសម្លាប់មនុស្ស ចំនួន១៧៩នាក់ ខណៈអាកាសយានិកចំនួន២នាក់បាននៅរស់រានមានជីវិត ក្រោយការសង្គ្រោះ ចេញពីយន្ដហោះភ្លាមៗ។

ទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ថា មនុស្ស សរុប ចំនួន១៧៩នាក់ ត្រូវបានសម្លាប់ ខណៈយន្ដហោះចុះចត ដោយសារតែកង់របស់វា មិនអាចទម្លាក់ សម្រាប់ការចុះចតបាន ហើយយន្ដហោះបានរអិលចេញពីផ្លូវរត់របស់វា និង បានផ្ទុះចេញជាដុំភ្លើង ក្រោយការបុកជញ្ជាំង នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ។

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានបញ្ជាក់ ថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Jeju Air មានជើងហោះហើរលេខ 7C2216 បានហោះចេញពីទីក្រុងបាងកករបស់ប្រទេសថៃ ដោយបានដឹកមនុស្ស ចំនួន១៨១នាក់ ហើយបានព្យាយាមចុះចតភ្លាមៗ នៅអាកាសយានដ្ឋាន Muan កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ វេលាក្នុងតំបន់។

ប្រធានមជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងស្រុក បានបញ្ជាក់ ថា អាកាសយានិកចំនួន២នាក់ ត្រូវបានសង្គ្រោះចេញពីបំណែករបស់យន្ដហោះដែលធ្លាក់ផ្ទុះឆេះនោះ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។

យន្តហោះ Boeing 737-800 ម៉ាស៊ីនភ្លោះ អាចត្រូវបានគេមើលឃើញ នៅក្នុងវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរអិលចេញពីផ្លូវរត់របស់វា ដោយមិនមានឧបករណ៍ចុះចតជាក់ស្តែង នៅមុនពេលយន្ដហោះបានធ្លាក់ ហើយជ្រុលទៅបុកជញ្ជាំង និង ផ្ទុះចេញជាអណ្តាតភ្លើង និង កម្ទេចកម្ទី។ រូបថតផ្សេងៗទៀត ក៏បានបង្ហាញពីផ្សែង និង អណ្ដាតភ្លើងឆេះផ្នែកខ្លះ នៃយន្តហោះនោះ។

ក្រោមច្បាប់អាកាសចរណ៍ពិភពលោក កូរ៉េខាងត្បូង នឹងដឹកនាំការស៊ើបអង្កេតស៊ីវិលលើការធ្លាក់យន្តហោះនេះ ហើយនឹងមានការចូលរួមដោយស្វ័យប្រវត្តិ ពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅសហរដ្ឋអាមេរិក ដែលជាកន្លែងរបស់យន្តហោះនេះ ត្រូវបានរចនា និង ផលិតឡើង៕

ពត័មានពេញនិយម