សមត្ថកិច្ច បង្ហាញមុខក្រុមក្មេងទំនើងចំនួន៨នាក់ ជិះម៉ូតូដេញកាប់គ្នា

30-ធ្នូ-2024 - ម៉ោង 10:19:AM

រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានគ្នាជាង១០នាក់ បានជិះម៉ូតូដេញកាប់ប្រហារទៅលើជនរងគ្រោះ នាពេលយប់ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួនជាបន្ដបន្ទាប់ចំនួន៨នាក់ ហើយបាននាំមកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមុនពេលមន្រ្ដីជំនាញ កសាងសំណុំរឿង បញ្ជូនពួកគេទៅកាន់សាលាដំបូង។

បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន១៣នាក់ បានដេញកាប់ប្រហារទៅលើជនរងគ្រោះចំនួន៣នាក់ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសស្រាល និង ម្នាក់រងរបួសធ្ងន់ នៅក្នុងភូមិសាស្រ្ដស្រុកបាទី ខេត្តតាកែវ។ បន្ទាប់ពីការកើតមានករណីក្មេងទំនើងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កអសន្ដិសុខ និង ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋបែបនេះ សមត្ថកិច្ចពាក់ព័ន្ធ បានចេញធ្វើអន្ដរាគមន៍ ចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនបានជាបន្ដបន្ទាប់ ចំនួន៨នាក់ ខណៈបក្ខពួករបស់ពួកគេ ចំនួន៥នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួនបាត់។

ក្រោយពេលបង្ក្រាបរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយចំនួន៨នាក់ មកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ នៅមុនពេលបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្ត។ ដោយឡែក ក្មេងទំនើងចំនួន៥នាក់ ដែលកំពុងតែរត់គេចខ្លួន កំពុងតែស្ថិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕

ពត័មានពេញនិយម