ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកគោយន្ដពីក្រោយយ៉ាងពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យស្លាប់មួយរំពេច ហើយអ្នកបើកគោយន្ដ បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល កាលពីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងចក្រលាយស៊ីម៉ងត៍ តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូ ពាក់ស្លាកលេខ សៀមរាប 1AH-5900 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៦ ស្របទិសគ្នាជាមួយនឹងគោយន្ដមួយគ្រឿង។ លុះពេលជនរងគ្រោះបានបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគោយន្ដពីក្រោយយ៉ាងពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើកគោយន្ដបានបន្ថែមល្បឿន បើកគោយន្ដគេចបាត់ខ្លួនស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកសពរបស់ជនរងគ្រោះ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕