កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស

28-ធ្នូ-2024 - ម៉ោង 02:23:PM


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស បានរៀបចំកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ប្រធានគណៈកម្មាធិការជាតិក្រមសីលធម៌ ដើម្បីពិនិត្យលើពិធីសារនៃការសិក្សាស្រាវជ្រាវ ដែលតម្រូវឱ្យឆ្លងយោបល់តាមរយៈការប្រជុំពេញអង្គ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យប្រធាន បានក្រើនរំលឹកដល់សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋានទាំងអស់ឱ្យពង្រឹងសមត្ថភាពលើការងារក្រមសីលធម៌ និងយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព នៃការពិនិត្យ និងត្រូវបន្តស្វែងរកយន្តការដើម្បីធ្វើឱ្យការងាររបស់គណៈកម្មាធិការកាន់តែរលូន និងអាចឆ្លើយតបទៅនឹងសំណើរសុំធ្វើការស្រាវជ្រាវដែលអាចកើនឡើងនៅពេលខាងមុខ។

ជាលទ្ធផល គណៈកម្មាធិការបានបញ្ចប់ការពិនិត្យយ៉ាងល្អិតល្អន់លើពិធីសារនៃការសិក្សាស្រាវជ្រាវ ចំនួន១២ ដោយឈរលើគោលការណ៍ក្រមសីលធម៌ គោលការណ៍វិទ្យាសាស្រ្តសម្រាប់ការស្រាវជ្រាវ និងតម្រូវការ នៃវិស័យសុខាភិបាលកម្ពុជា។ បន្ថែមពីលើការវាយតម្លៃនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈកម្មាធិការក៏បានធ្វើការវាយតម្លៃទៅលើពិធីសារ នៃការស្រាវជ្រាវតាមរយៈការវាយតម្លៃរហ័ស ចំនួន ៧៩គម្រោង នៅចន្លោះខែវិច្ឆិកា និងឆ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះ ២៤គម្រោង ជាគម្រោងរបស់ស្ថាប័ន អង្គការផ្សេងៗ ៥២គម្រោង ជាគម្រោងរបស់និស្សិតក្នុង និងក្រៅប្រទេស ដែលត្រូវធ្វើការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា ១គម្រោង ជាការឆ្លើយតបក្នុងអង្គប្រជុំ និង ២ជារបាយការណ៍។

ពត័មានពេញនិយម