ប្រទះឃើញសព​បុរសម្នាក់ច្រកក្នុងវ៉ាលី​ប្លុង​ចោល​​ក្នុងបន្ទប់​ផ្ទះសំណាក់​ ផ្អើលក្រុងប៉ោយប៉ែត

30-ធ្នូ-2024 - ម៉ោង 11:52:AM

ខេត្ត​បន្ទាយមានជ័យ ៖ មានករណីប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេសម្លាប់ច្រកក្នុងវ៉ាលី ​ប្លុង​ចោលក្នុងបន្ទប់​​​ផ្ទះសំណាក់ជនជាតិចិន បង្កការភ្ញាក់ផ្អើល​កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិត​នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្តកិច្ចបាន​ឱ្យដឹង​ថា ក្រោយទទួលព័ត៌មាន​ពី​អ្នក​បោស​សំអាតបន្ទប់​​ផ្ទះសំណាក់​របស់ជន​ជាតិចិន ដែលមានហាងខារ៉ាអូខេ នៅពេលចូល​បោសសំអាត ស្រាប់តែ​ប្រទះឃើញវ៉ាលីមួយ និង​មានធុំក្លិនឆ្អាប សង្ស័យមានសាកសពច្រកក្នុងវ៉ាលី​ប្លុង​ចោលក្នុងបន្ទប់ ​ក៏បានប្រាប់ថៅកែម្ចាស់ផ្ទះសំណាក់រាយការណ៍បន្ត​ជូនសមត្តកិច្ចចុះទៅពិនិត្យមើល​តែម្តង​។

ប្រភពដដែលបន្ត​ថា ក្រោយបានចុះទៅពិនិត្យ ក៏រកឃើញសាកសពបុរសជនជាតិចិនម្នាក់​ត្រូវឃាតករ​ចាក់ចំនួន៨កន្លែង លើបំពង់កនិងដងខ្លួន ហើយកាប់កន្លាក់ដៃ ជើង និង​កញ្ចឹងករួច​ញាត់ចូលក្នុងវ៉ាលីប្លុង​ចោលក្នុងបន្ទប់ផ្ទៈសំណាក់ដែលជួលសម្រាប់ដេក១ទៅ២យប់ ដែលភាគច្រើនជនជាតិចិន​ជាអ្នក​ជួលស្នាក់នៅ ព្រោះជាផ្ទះសំណាក់របស់​ជនជាតិចិន។
សមត្តកិច្ចបានបញ្ជាក់បន្តទៀត​ថា បុរសរងគ្រោះមានអាយុប្រមាណចន្លោះពី​២០ទៅ៣០ឆ្នាំ ។
ក្រោយសាកសួរព័ត៌មាន និងស្រាវជ្រាវ ត្រូវបានគេដឹង​ថា ជនរងគ្រោះដែលស្លាប់ជាជនជាតិចិន បានស្នាក់​នៅក្នុងបន្ទប់សំណាក់ជាមួយមិត្តភក្តិជាជនជាតិចិនដូចគ្នា ហើយទាស់សំដី​គ្នា ។ ក្រោយមកអ្នកបោះសំអាតបន្ទប់ប្រទៈឃើញសាកសពជនរងគ្រោះច្រកក្នុងវ៉ាលីប្លុងចោលក្នុងបន្ទប់ផ្ទៈសំណាក់ ហើយមិត្តភក្តិបាន​គេចខ្លួនបាត់ ។ ករណីនេះ​អាចមិត្តភក្តិជាឃាតករសំលាប់ជនរងគ្រោះជាមិត្តភក្តិនឹងគ្នា ហើយ​ការស្លាប់របស់ជនរងគ្រោះអាចកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ទើបប្រទះឃើញសាកសពច្រកក្នុង​វ៉ាលីប្លុងចោលក្នុងបន្ទប់ផ្ទះសំណាក់ រហូតធុំក្លិនបែបនេះ ។
ក្រោយសមត្តកិច្ចជំនាញពិនិត្យរួច ក៏បានប្រគល់សពជូនមន្ត្រីស្ថានទូតចិនមកទទួលយកទៅរាជធានីភ្នំពេញ ៕

ពត័មានពេញនិយម