រាជធានីភ្នំពេញ៖ រថយន្ដមួយគ្រឿង បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងកង់៣មួយគ្រឿង បណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀត រងរបួស កាលពីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដ ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2R-6308 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ៣ម៉ែត្រ។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកកង់៣មួយគ្រឿង ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ រីឯរថយន្ដបានរេចង្កូតខុសផ្លូវ ជ្រុលទៅបុកលូយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ដខ្ទេចមួយកំណាត់ខាងមុខ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតយានយន្ដពាក់ព័ន្ធយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ មកទទួលសពរបស់ជនរងគ្រោះ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕