យន្ដហោះមួយគ្រឿងរបស់អាសែបៃហ្សង់ ដឹកអ្នកដំណើរជាច្រើន ធ្លាក់នៅកាហ្សាក់ស្ថាន

19 ម៉ោងមុន

រដ្ឋធានីបាគូ (Baku)៖ ក្រុមមន្រ្ដីអាសែបៃហ្សង់ បានអះអាង ថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសអាសែបៃហ្សង់ បានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ ធ្លាក់នៅភាគខាងលិច នៃប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្លាប់មនុស្ស ចំនួន៣៨នាក់ នៅក្នុងចំណោមអ្នកនៅក្នុងយន្ដហោះ ចំនួន៦៧នាក់។

ទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ថា យន្ដហោះមួយគ្រឿង ប្រភេទ Embraer 190 (អែមប្រាយើ) បានហោះចេញពីភាគពាយព្យ នៃរដ្ឋធានីបាគូ ប្រទេសអាសែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងហ្គ្រោសនី (Grozny) ឆែកឆេន (Chechnya) នាភាគខាងត្បូង ប្រទេសរុស្ស៊ី ដោយបានហោះឆ្លងកាត់សមុទ្រកាសព្យែន (Caspian Sea) ហើយបានធ្លាក់ នៅជិតទីក្រុងអាក់តូ (Aktau) នៃប្រទេសកាហ្សាក់ស្ថាន។ ដំណើររបស់យន្តហោះ នៅតាមរ៉ាដាហោះហើរ បានបង្ហាញ ថា យន្ដហោះបានហោះឆ្ងាយពីផ្លូវធម្មតារបស់វា។ បន្ទាប់មក យន្ដហោះបានហោះ នៅជុំវិញតំបន់ដែលយន្ដហោះបានធ្លាក់ចុងក្រោយ នៅជិតទីក្រុងអាក់តូ ដែលជាមជ្ឈមណ្ឌលប្រេង និង ឧស្ម័ន នៅច្រាំងខាងកើត នៃសមុទ្រកាសព្យែន។

ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី Interfax បានដកស្រង់សម្ដីរបស់ឧបនាយករដ្ឋមន្រ្ដីកាហ្សាក់ស្ថាន លោក កាណាត ប៊ូហ្ស៊ូមបាយែវ (Kanat Bozumbayev) ដោយបានបញ្ជាក់ ថា៖«ស្ថានភាពអាក្រក់ណាស់ គឺមនុស្សចំនួន៣៨នាក់បានស្លាប់។ រីឯប្រទេសកាហ្សាក់ស្ថាន កំពុងតែបើកការស៊ើបអង្កេត នៅក្នុងករណីនេះ។

ស្របគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍អាសែបៃហ្សង់ បានរាយការណ៍ ថា មនុស្សនៅក្នុងយន្ដហោះ ដែលជួបនឹងគ្រោះថ្នាក់នោះ មានចំនួន៦៧នាក់ ហើយក្នុងនោះមានអ្នកដំណើរចំនួន៦២នាក់ និង អាកាសយានិក ចំនួន៥នាក់។ យន្ដហោះនោះ បានស្នើសុំការចុះចតបន្ទាន់ នៅប្រហែលចម្ងាយ៣គីឡូម៉ែត្រ ពីទីក្រុងអាក់តូ។

លោក អ៊ីលហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីអាសែបៃហ្សង់ បានប្រកាស កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ថ្ងៃនេះជាថ្ងៃកាន់ទុក្ខជាតិ និង បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់គាត់ ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការ នៃមេដឹកនាំ នៃរដ្ឋឯករាជ្យ (CIS) ធ្លាប់ជាអតីតរដ្ឋរបស់សហភាពសូវៀត៕

ពត័មានពេញនិយម