ពលរដ្ឋ៥០០គ្រួសារទៀតក្នុងខេត្តមណ្ឌលគិរីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ខណៈការវាស់វែងជិតចប់សព្វគ្រប់

12-តុលា-2024 - ម៉ោង 01:08:PM

មណ្ឌលគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋប្រមាណជិត ៥០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ខណៈការវាស់វែងដីធ្លីជាប្រព័ន្ធ ក្នុងខេត្តមួយនេះ ជិតចប់សព្វគ្រប់ហើយ ។

ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ ការវាស់វែងដីធ្លីជាប្រព័ន្ធសម្រេចប្រមាណជាង ៥៥ពាន់ក្បាលដី ខណៈក្បាលដីក្នុងខេត្តទាំងមូល ប៉ាន់ប្រមាណមានជាង ៦០ពាន់ក្បាលដី និងប្រមូលទិន្នបានជាង ៥៥ពាន់ក្បាលដី ។

ឯកឧត្តមបានបន្តថា ជាមួយនឹងការកំពុងវាស់វែងបន្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានធ្វើការបិទផ្សាយ និងចែកជូនប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយនៅថ្ងៃនេះ មានការបន្តចែកប័ណ្ណចំនួន ៩០០ប័ណ្ណ ដែលស្មើនឹង ៤៧៧គ្រួសារ លើផ្ទៃដីសរុបទំហំប្រមាណជិត ៣ពាន់ហិកតា ។

ក្នុងពេលទៅទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ ដែលបានខិតខំវាស់វែងដីធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់ ដើម្បីអាចកាន់កាប់ដីបានដោយស្របច្បាប់ មិនភ័យខ្លាចមានរំលោភបំពាន់ និងងាយស្រួលក្នុងការប្រើប្រាស់នានា ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជា ធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ ឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។

ឯកឧត្តមបានបន្តថា ដោយឡែកនៅខេត្តមណ្ឌលគិរី កិច្ចការវាស់វែងដីធ្លីនេះ ក៏បានជិតចប់សព្វគ្រប់ហើយ ដែលជាបន្តគឺត្រូវរៀបចំខេត្តមួយនេះ ឲ្យកាន់តែមានសក្ដានុពលសេដ្ឋកិច្ច ខណៈមណ្ឌលគីរី ជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់ និងមានសក្តានុពលទាំងកសិឧស្សាហកម្មនិងអេកូទេសចរណ៍ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដីខេត្ត ក្នុងការអនុវត្តកិច្ចការជាច្រើន ទាក់ទិននឹងការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តនេះ សង្ឃឹមថាកិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី ៕

ពត័មានពេញនិយម