(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបញ្ចប់ការជជែកវែកញែក និងជេរគ្នាតទៅទៀត ករណី Miss Grand International ដែលអាចបង្កើតជាជម្លោះកាន់តែយូរថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ថ្លែងបែបនេះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមាតុភូមិនិវត្តពីការចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។
តាមការលេីកឡេីងរបស់ឯកឧត្តមហ្សង់ ហ្វ្រង់ស្វ័រតាន់ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International នោះឡើយ នៅពេលជួបគ្នា នៅឯប្រទេសឡាវ ប៉ុន្តែមិនមែនបានន័យថា ប្រមុខដឹកនាំទាំងពីរ មិនបានដឹងរឿងនេះដែរ។
ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំហ៊ានអះអាងទីនេះថា ប្រមុខរដ្ឋាភិបាលទាំងពីរមិនបានលើកយករឿងនេះមកជជែកនោះទេ។ តែមិនមែនបានន័យថា ថ្នាក់ដឹកនាំទាំងពីរលោកមិនបានដឹងពីបញ្ហាដែលកំពុងផ្ទុះ នៅក្នុងហ្វេសប៊ុកនោះទេ ហើយបណ្តាញសង្គម បងប្អូនកូនក្មួយដឹងស្រាប់ហើយ ជាទីកន្លែងហោះហើរ កើនលឿនជាទីបំផុត អីចឹងហើយ សូមឆ្លៀតពេលនេះ អំពាវនាវឲ្យប្រើទឡ្ហីករណ៍ និងការបំភ្លឺបែបស្ងប់ស្ងាត់ ជាងការប្រទេច នាំឲ្យបែកជាអូរហូរជាស្ទឹង យូរថ្ងៃតទៅទៀត ធ្វើឲ្យរឿងឯកជនទាំងពីរបែកជាអូរហូរជាស្ទឹង បើសិនជាមានការជះសាំងទៅលើរងើកភ្លើងជាតិនិយម»។
សូមជម្រាបថា ភាពតានតឹងបាននិងកាឡេីងកំដៅពាក្យសំដី កំពុងកើតឡើង រវាងប្រជាពលរដ្ឋខ្មែរនិងថៃ ដោយសារតែម្ចាស់ក្រុមហ៊ុន Miss Grand International នៅប្រទេសថៃ បានប្រមាថខ្មែរ ហើយចោទប្រកាន់ថា ម្ចាស់កម្មវិធី Miss Grand Cambodia រៀបចំកម្មវិធីមិនត្រូវស្តង់ដារ និងគ្មានវិជ្ជាជីវៈ៕