ពិតជាគួរអោយអាសូរ! ម្តាយចុងវាយធ្វើបាប ជាំពេញខ្លួន ខណៈឪពុក ជាប់ទៅធ្វើការនៅថៃ

12-តុលា-2024 - ម៉ោង 12:58:PM

 

ខេត្តកំពង់ឆ្នាំង ៖ ស្នាមជាំ ស្ទើរតែគ្រប់កន្លែង នៃរាងកាយ និងកន្លែងខ្លះទៀត មានសភាពហើម ថែមទៀតផង មើលទៅ ពិតជាគួរអោយអាសូរ ជាពន់ពេក ដែលនេះជាទង្វើរ ទារុណកម្ម របស់ម្តាយចុង មកលើកូនស្រី ប្តីមុន គួរអោយសង្វេគ។

ករណីហិង្សា គ្មានត្រាប្រណីនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហាញអោយដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយក្មេងស្រីរងគ្រោះ ស្ថិតក្នុងសភាពភ័យខ្លាច ដេកនៅលើគ្រែ នៃមន្ទីរពេទ្យរដ្ឋមួយកន្លែង។ ក្មេងស្រីរងគ្រោះ រស់នៅភូមិសិរីឆោម ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ អឿន កញ្ញា អាយុ១២ឆ្នាំ។ ចំណែកម្តាយចុងដែលជាជនបង្កមានឈ្មោះ នៅ ញ៉ក់ អាយុ៣៩ឆ្នាំ។

សមត្ថកិច្ចបានអោយដឹងថា ឪពុកក្មេងស្រីងរងគ្រោះឈ្មោះ អាង សំអឿន អាយុ៤០ឆ្នាំ មានប្រពន្ធក្រោយ និងបានយកមករួមរស់ជាមួយគ្នា ហើយបច្ចុប្បន្ន បានចេញទៅធ្វើការនៅឯប្រទេសថៃ ដោយទុកអោយកូនស្រី នៅជាមួយប្រពន្ធចុង។

អ្នកជិតខាងបានអោយដឹងថា គេតែងតែឃើញស្រ្តីជាម្តាយចុង វាយធ្វើបាប ស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់មានស្នាមជាំពេញខ្លួន ទើបក្មេងស្រីរងគ្រោះ បានចេញពីផ្ទះ លែងហ៊ានផ្ទះវិញទេ។

បច្ចុប្បន្ន ស្រ្តីជាម្តាយចុង ត្រូវបានសមត្ថកិច្ច នាំខ្លួនដើម្បីសួរនាំ និងចាត់ការតាមនិតិវិធី៕

ពត័មានពេញនិយម