ខេត្តកណ្ដាល៖ ជាងជួសជុលគ្រឿងចក្រម្នាក់ បានចូលទៅក្នុងបន្ទប់ការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមហ៊ុនមួយ ត្រូវបានអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយពុំមានអ្នកណាម្នាក់បានដឹង លុះពេលបងប្អូនបានដើរទៅមើល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ការដ្ឋានមួយកន្លែងរបស់ក្រុមហ៊ុន អិល ធី ថេកណឡជី ខូ អិលធីឌី ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមកូនជាងជួសជុលគ្រឿងចក្រម្នាក់របស់ក្រុមហ៊ុន អិល ធី ថេកណឡជី ខូ អិលធីឌី បានឲ្យដឹង ថា ជារៀងរាល់ព្រឹក គាត់តែងតែដើរចេញពីបន្ទប់របស់ខ្លួន ទៅមើលបន្ទប់របស់ជនរងគ្រោះ ព្រោះត្រូវជាបងប្អូនបង្កើតនឹងគ្នា។ លុះមកដល់វេលាកើតហេតុ គាត់បានឃើញស្បែកជើង នៅមុខបន្ទប់របស់ជនរងគ្រោះ ហើយក៏បានគោះទ្វារ តែពុំមានឮសំឡេងឆ្លើយតប។ ដោយសារតែមានការសង័្សយ គាត់បានគាស់បង្អួច ហើយលោតចូលទៅក្នុងបន្ទប់ ទើបដឹង ថា ជនរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។ រីឯនៅលើដៃ មានស្នាមជាំ ត្រូវបានអគ្គិសនីឆក់ជាប់នៅលើគ្រែ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា ឃើញបែបនេះ គាត់បានស្ទុះទៅលើកជនរងគ្រោះ ក៏ត្រូវបានអគ្គិសនីឆក់គាត់ ទើបគាត់ហក់ទៅដកឌុយភ្លើង ចេញពីព្រីនៅជាប់នឹងជញ្ជាំង។ ភ្លាមៗនោះ គាត់បានរាយការណ៍ទៅប្រាប់អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន។ បន្ទាប់មក ក្រុមហ៊ុនបានរាយការណ៍ទៅជូនសមត្ថកិច្ចមូលដ្ឋាន និង មន្រ្ដីជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័យ។
បុរសរងគ្រោះ ឈ្មោះ លាង ឡង់ឌី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាជាងជួសជុលគ្រឿងចក្រ និង មានស្រុកកំណើតនៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមហើយស្នាក់នៅការដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ-ឃុំកើតហេតុ។
ក្រោយពេលធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានប្រគល់សាកសពរបស់ជនរងគ្រោះ ទៅក្រុមគ្រួសារ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕