ចោរថ្លើមធំ លួចរូបសំណាកលោកយាយម៉ៅ ចេញពីអាស្រមបាត់

11-តុលា-2024 - ម៉ោង 11:13:AM

ខេត្តកំពត៖ ប្រជាពលរដ្ឋខ្មែរមួយចំនួន មានជំនឿទៅលើលោកយាយម៉ៅ ជាអ្នកថែរក្សា នៅភូមិភាគនិរតី ជាពិសេស នៅលើដែនសមុទ្រខ្មែរ ហើយពួកគាត់តែងតែអុជធូបទៀន ឬថ្វាយសំណែន ដើម្បីសុំសេចក្ដីសុខចម្រើន តែឥឡូវមានការភ្ញាក់ផ្អើល អំពីការបាត់រូបសំណាករបស់លោកយាយម៉ៅ ចេញពីអាស្រម នៅជាប់នឹងផ្លូវ នៅជើងភ្នំសែនហាន ត្រង់ចំណុចច្រកសៀម ស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

 

អ្នកស្រុករស់នៅតំបន់ច្រកសៀម បានអះអាង ថា ប្រជាពលរដ្ឋមួយចំនួន មិនថា ជាអ្នកស្រុកនេះ ដោយផ្ទាល់នោះទេ សូម្បីតែអ្នកនៅតំបន់ឆ្ងាយៗ កាលណាធ្វើដំណើរឆ្លងកាត់អាស្រមរបស់លោកយាយម៉ៅ តែងតែអុជធូបបួងសួង សុំសេចក្ដីសុខចម្រើន។ អ្នកជឿលើជំនឿអរូបី តែងតែមានជំនឿដក់ក្នុងអារម្មណ៍ ថា លោកយាយម៉ៅ ជាអ្នកខ្លាំងពូកែ ហើយកាលណាបួងសួងសុំឲ្យលោកយាយជួយ តែងតែសមប្រកប នៅក្នុងការធ្វើដំណើរទៅមក នាភូមិភាគនិរតី នៃប្រទេសកម្ពុជា។

 

ប្រជាពលរដ្ឋខ្លះទៀត បានអះអាង ថា ពួកគាត់មានការសោកស្ដាយ ក្រោយពេលដឹង ថា មានគេលួចយករូបសំណាករបស់លោកយាយម៉ៅទៅបាត់។ ដោយសារតែមានជំនឿពីការសមប្រកបនោះ កាលណាធ្វើដំណើរឆ្លងកាត់ទីនេះ តែងមានអ្នកចូលមកអុជធូបបន់ស្រន់ នៅចំពោះមុខរូបសំណាករបស់លោកយាយម៉ៅ នៅក្នុងអាស្រមនេះ ដើម្បីសុំសេចក្ដីសុខ នៅក្នុងការធ្វើដំណើរតាមដងផ្លូវ។

 

ប្រជាពលរដ្ឋដដែល បានបន្ដ ថា ជាមួយការជឿទៅលើបារមីខ្លាំងពូកែរបស់លោកយាយម៉ៅ ទើបមានប្រជាជនមួយចំនួន នាំគ្នាគោរពបូជា និង មានការដាក់សំណែន តាំងពីយូរយារណាស់មកហើយ ហើយបានពង្រីខ្ពមរបស់លោកយាយម៉ៅ តាំងពីនៅតូច រហូតដល់ការធ្វើអាស្រមថ្វាយយ៉ាងធំទូលាយ។ ប៉ុន្ដែចូលមកដល់យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ សម្រាប់តែមានការភ្ញាក់ផ្អើល ថា មានគេលួចរូបសំណាករបស់លោកយាយទៅបាត់ ហើយក៏មិនដឹង ថា អ្នកលួចនោះ យករូបសំណាករបស់លោកយាយ ទៅធ្វើអ្វីនោះដែរ៕

ពត័មានពេញនិយម