ខេត្តព្រៃវែង៖ បុរសម្នាក់បានណាត់នារីវ័យក្មេងម្នាក់ ចូលទៅបន្ទប់ផ្ទះសំណាក់ ហើយបានដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីព្រលប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងផ្ទះសំណាក់ស្រែមានលាភ នៅតាមផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីរសៀល ថ្ងៃទី៨ ខែតុលា មានបុរសម្នាក់ បានមកជួលបន្ទប់លេខ៣ នៃផ្ទះសំណាក់ស្រែមានលាភ ដើម្បីសម្រាក។ លុះមួយសន្ទុះក្រោយមក ក៏មាននារីម្នាក់ បានចូលទៅក្នុងបន្ទប់របស់គាត់ ហើយទំនងជាពួកគាត់បានណាត់គ្នា ដើម្បីមកឡើងឋានសួគ៌ ក៏មិនដឹង។ ប៉ុន្ដែប្រហែលជារយៈពេល១ម៉ោងក្រោយមក គូស្នេហ៍របស់គាត់ ក៏បានចាញចេញទៅវិញបាត់ ខណៈបុគ្គលិកផ្ទះសំណាក់ មិនបានចាប់អារម្មណ៍។
ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយម៉ោងជួលបានផុតកំណត់ នាព្រលប់ថ្ងៃដដែលនោះ ក៏នៅតែមិនឃើញបុរសម្នាក់នេះចេញពីបន្ទប់ទៀត ទើបបុគ្គលិកផ្ទះសំណាក់បានដើរមើលនៅមុខបន្ទប់ និង គោះទ្វារ ហើយដឹងថា ទ្វារមិនចាក់គន្លឹះ។ ភ្លាមៗនោះ បុគ្គលិក ក៏បានបើកមើល ស្រាប់តែឃើញជនរងគ្រោះ បានស្លាប់លើពូកបាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
បើតាមសមត្ថកិច្ច បានឲ្យដឹង ថា ជនរងគ្រោះអាចប្រហែលជាលេបថ្នាំ ទើបនាំឲ្យគាំងបេះដូងស្លាប់។ លុះមកដល់ព្រឹក ថ្ងៃទី៩ ខែតុលា សមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រៃវែង បានចុះទៅពិនិត្យ និង ធ្វើកោសលវិច្ឆ័យ ហើយប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត នៅស្រុកពារាំង ខេត្តព្រៃវែង៕