ស្រីស្អាតម្នាក់ចង់ល្បីបង្ហោះរូបស៊ីចស៊ីហួសហេតុ ត្រូវចូលស្នងការដ្ឋានរាជធានី ព្រោះធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រ្ដីខ្មែរ

27-កញ្ជា-2024 - ម៉ោង 02:36:PM

 

រាជធានីភ្នំពេញ៖ ស្រីស្អាតម្នាក់ ព្រោះតែចង់បានភាពល្បីល្បាញ នៅតាមបណ្ដាញសង្គម បែរជាបង្ហោះរូបដ៏សិចស៊ី នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃស្រ្ដីខ្មែរ ដែលតែងតែថែរក្សាប្រពៃណីដ៏ផូរផង់របស់ខ្លួន ហើយត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅមន្រ្ដីជំនាញហៅមកព្រមាន។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានគណនីហ្វេសប៊ុក ឈ្មោះ យុន សុខផល្លីន បានបង្ហោះរូបភាពសិចស៊ីហួសហេតុនោះមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់មន្រ្ដីជំនាញរបស់ខ្លួនឲ្យស្រាវជ្រាវ។ ជាមួយនឹងការអនុវត្ដនូវបទបញ្ជានេះ គឺកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យុន សុខផល្លីន មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបភាពបែបសិចស៊ីរបស់នាង ព្រោះសកម្មភាពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរបស់ស្ដ្រីខ្មែរ។

ស្របគ្នានេះ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានសារភាព ថា៖ កាលពីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៤ នាងបានបង្ហោះរូបភាពសិចស៊ី នៅលើគណនីរបស់នាង ឈ្មោះ យុន សុខផល្លីន។ សកម្មភាពរបស់នាង បាននាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃស្រ្ដីខ្មែរ។ ជាមួយគ្នានេះ នាងសូមអភ័យទោសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនស្រ្ដីខ្មែរ។ ចាប់ពីពេលនេះតទៅ នាងសូមសន្យា ថា នាងលែងធ្វើសកម្មភាពបែបនេះបន្ដទៀតហើយ៕