រាជធានីភ្នំពេញ៖ ចោរមួយក្រុមតែងទែប្រើប្រាស់កាំបិត និង មួកការពារសុវត្ថិភាព ដេញស្ទាក់វាយប្លន់យកម៉ូតូរបស់អ្នកដំណើរចំនួន២គ្រឿង ហើយបានគេចខ្លួនបាត់មួយរយៈ ក៏អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចចម្រុះ សហការគ្នាតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ហើយនាំទៅចាត់ការតាមច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មានករណីចោរមួយក្រុម បានប្រើប្រាស់កាំបិតបុ័ងតោ និង មួកសុវត្ថិភាព ដេញស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៤ គ្មានស្លាកលេខ ហើយបានជិះគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក៏មានករណីចោរមួយក្រុមបានប្រើប្រាស់កាំបិតផ្គាក់ ដេញស្ទាក់គំរាម និង ប្លន់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពត 1Q-2999 នៅត្រង់ចំណុចប្រឡាយទឹក តាមផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយពួកគេបានគេចខ្លួនបាត់អស់។
ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីចោរប្លន់ទាំង២ករណីបែបនេះរួចមក សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការគ្នាជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ កាលពីថ្ងៃទី២៥ ខែកញ្ញា រួមមាន៖ ១.ឈ្មោះ គីម គឹមឡេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ២.ឈ្មោះ តក់ សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៣.ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលបង្ក្រាបរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំងនេះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់៕