រាជធានីភ្នំពេញ៖ បុរសម្នាក់ បានដកកូនកាំបិតដេញចាក់ទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួស ហើយបានរត់គេចខ្លួនបាត់មួយរយៈពេលខ្លី ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្រ្ដីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹង ថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ជនរងគ្រោះ និង ជនសង័្សយ បានកើតមានទំនាស់ពាក្យសម្ដីជាមួយគ្នា រហូតក្លាយទៅជាគំនុំគុំកួននឹងគ្នា។ លុះដល់វេលាម៉ោង៦ និង ២០នាទីល្ងាច ថ្ងៃកើតហេតុ ស្រាប់តែជនសង័្សយ បានជិះម៉ូតូមកឈប់ នៅមុខផ្ទះរបស់ជនរងគ្រោះ ខណៈគាត់កំពុងតែនៅក្នុងផ្ទះ។ ភ្លាមៗនោះ ជនសង័្សយបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយបានដកកូនកាំបិត ដេញចាក់ប្រហារទៅលើគាត់ បណ្ដាលឲ្យរងរបួស ត្រូវចំកំភួនដៃខាងឆ្វេងចំនួន១កន្លែង។ ឃើញហេតុការណ៍អំពើហិង្សាបែបនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានស្រែកហៅអ្នកជិតខាងឲ្យជួយ ទើបជនសង័្សយភ័យខ្លាច ក៏បានជិះម៉ូតូគេចខ្លួនបាត់។
ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានសហការគ្នា ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ហើយបានដកហូតវត្ថុតាង គឺកូនកាំបិតចំនួន២ដើម នៅវេលាម៉ោង១០ និង ២០នាទីយប់កើតហេតុ។ ជនសង័្សយ ឈ្មោះ ហឿន សុខន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះ ឈ្មោះ ពេញ ហ៊ាង ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ៦៥៤ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និង វត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕