ខេត្តពោធិ៍សាត់៖ ឃាតករដៃឆៅម្នាក់ បានចាប់នារីវ័យក្មេង រំលោភសេពសន្ថវៈ រួចផ្ដាច់ជីវិត ហើយសាកសពរបស់នាង ត្រូវបានគេរកឃើញ នៅក្នុងព្រៃមួយកន្លែង កាលពីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា នារីរងគ្រោះ បានបាត់ចេញពីផ្ទះរបស់នាង រហូតដល់ល្ងាច។ ជាមួយនឹងការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់នាងនោះ ទើបក្រុមគ្រួសារ និង សាច់ញាតិ បានខិតខំប្រឹងប្រែងតាមស្វែងរក រហូតដល់វេលាម៉ោង១២យប់ ថ្ងៃទី២២ ខែកញ្ញា រកឃើញសាកសពរបស់នារីរងគ្រោះ ត្រូវបានជនមិនស្គាល់មុខរំលោភសម្លាប់។
ក្រោយពេលប្រទះឃើញសាកសពរួចមក សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ ដោយកំណត់បាន ថា នារីរងគ្រោះ ពិតជាត្រូវជនមិនស្គាល់អត្ដសញ្ញាណ ចាប់រំលោភ រួចហើយសម្លាប់។ បន្ទាប់មក សមត្ថកិច្ចជំនាញ បានប្រគល់សាកសពរបស់នារីរងគ្រោះ ជូនដល់ក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន ក្រុមមន្រ្ដីនគរបាលជំនាញ កំពុងតែតាមស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនដៃដល់ ដើម្បីនាំមកចាត់ការតាមច្បាប់៕