រាជធានីភ្នំពេញ៖ ជនសង័្សយម្នាក់ បានចូលមកលួចទ្រព្យរបស់អ្នកដទៃលើកទី១ មិនសម្រេច ទើបសាកចូលជាលើកទី២ ក៏លួចបានសម្ភារមួយចំនួន តែក៏អស់លក្ខណ៍ ត្រូវបានម្ចាស់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃ្លាំងមួយកន្លែង តាមផ្លូវបេតុងខាងក្រោយផ្សារកាលណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីប៉ុន្មានថ្ងៃមុននេះ ជនសង័្សយធ្លាប់លបចូលមកលួចសម្ភារ នៅក្នុងឃ្លាំងកន្លែងកើតហេតុ តែគេលួចមិនបានរបស់របរអ្វីនោះឡើយ។ លុះមកដល់យប់ ថ្ងៃទី២២ ខែកញ្ញា ជនសង័្សយដដែលនេះ ក៏បានចូលមកលួចម្ដងទៀត ដោយយកបានក្ដារពុម្ព នៅក្នុងប៉ុស្តិ៍យាមឃ្លាំង។ ប៉ុន្ដែម្ចាស់បានតាមដាន និង មើលតាមកាមេរ៉ាសុវត្ថិភាព ទើបឈានដល់ការនាំគ្នាព័ទ្ធចាប់ខ្លួនជនសង័្សយ ប្រគល់ជូនសមត្ថកិច្ច។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំជនសង័្សយ ទៅសាកសួរបឋម នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយបានចាត់ការតាមនីតិវិធីបន្ដទៀត៕