សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបន្ដវិធានការម៉ឺងម៉ាត់គ្មានការលើកលែង ចំពោះក្រុមក្មេងទំនើងដែលបង្កហិង្សា នាំឲ្យបាត់សណ្ដាប់ធ្នាប់

16 ម៉ោងមុន

(ភ្នំពេញ)៖ ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

 

 

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធន៍កម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទស្សនៈរបស់ផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រសិនបើយើងមិនដាក់ខ្លាំងនោះ ទើបខូចអនាគតក្មេងម្នាក់បើត្រឹមតែហៅមកអប់រំរដ្ឋបាល ចេញទៅវិញកាប់គេដដែរ ហើយអ្នកផ្សេងទៀតអត់ខ្លាចទៀត ចឹងការអនុវត្ត២០០០នាក់ជាង នៅបន្តហើយបញ្ជូនសារទៅឲ្យអ្នកផ្សេងទៀត ចៀសវាងរឿងបែបនេះ»។

 

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

 

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ឲ្យពិនិត្យបន្ថែមទៀត តាំងពីសកម្មភាពនៃការជិះម៉ូតូ ព្រោះកន្លងទៅមានការយកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គមផងដែរ។ ក្នុងន័យនេះ សម្ដេចបញ្ជាក់ថា ការដាក់កាំបិទ ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់។
សូមជម្រាបថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។

 

 

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕

ពត័មានពេញនិយម